ភ្នំពេញ៖ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ជួប ខុន បានស្នើឱ្យអាជ្ញាធររាជធានី ខណ្ឌ សង្កាត់ មានការប្រុងប្រយ័ត្នចំពោះអគ្គិភ័យ ខណៈក្នុងខែតុលាកន្លងមកគ្រោះថ្នាក់អគ្គិភ័យ មានការកើនឡើង ។
លោក ជួប ខុន បានស្នើបែបនេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៨ បស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ក្រោមអធិបតីភាព តំណាងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិង លោក ហួត ហៃ អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
លោក ជួប ខុន បានស្នើឱ្យអាជ្ញាធរ គ្រប់ជាន់ថ្នាក់ ត្រូវបន្ដ ចុះផ្សព្វផ្សាយ ជូនពលដល់ពលរដ្ឋនៅមូលដ្ឋាន មានការប្រុងប្រយ័ត្ន ការពារគ្រោះអគី្គភ័យ ខណៈក្នុងខែតុលាកន្លង មកគ្រោះថ្នាក់អគ្គិភ័យ មានការកើនឡើង ។
លោក ជួប ខុន បានបន្តថា៖ ចំពោះការគ្រប់គ្រង ការដឹកជញ្ជូនសំរាមនៅរាជធានីភ្នំពេញឃើញថា មានលក្ខណៈល្អប្រសើរហើយ តែក៏នៅមានបញ្ហាអសកម្មមួយចំនួន ដោយមានប្រជាពលរដ្ឋនៅខណ្ឌដង្កោបានលើកឡើងពីការយឿតយ៉ាវនៃការប្រមូលនដឹកជញ្ជូនសំរាមរបស់ក្រុមហ៊ុនប្រមូលសំរាម។ ដូច្នេះស្នើសុំឱ្យអាជ្ញាធរ ខណ្ឌ សង្កាត់ បន្តយកចិត្តទុកដាក់ ត្រួតពិនិត្យជាប្រចាំចំពោះក្រុមហ៊ុនប្រមូលសំរាម ធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញ មានសោភណ្ឌភាព អនាម័យនិងបរិស្ថានល្អ។
លោក ហួត ហៃ បានបញ្ជាក់ថា៖ អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច រាជធានីភ្នំពេញ និងបន្ដខិតខំ ការពារគ្រោះអគ្គីភ័យ ឱ្យបានល្អប្រសើរ ពិសេសអាជ្ញាធរ និងចុះផ្សព្វ ផ្សាយ ដល់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ក្រៅពីបង្ការគ្រោះអគ្គីភ័យ អាជ្ញាធរនិងខិតខំបន្ដបង្ក្រាបបទល្មើសនានា ពុះពារបន្ថែមទៀត ដើម្បីធ្វើឱ្យរាជធានីភ្នំពេញ មានសន្តិសុខ សុវត្ថិភាព កាន់តែល្អប្រសើរជាមួយនិងការអភិវឌ្ឍរីកចម្រើនមួយកម្រិតបន្ថែមទៀត។
លោកបានបន្ដថា៖ កន្លងមកនេះកម្លាំងមានសមត្ថកិច្ច យើងបានបង្ក្រាបបទល្មើសបានយ៉ាងល្អនៅក្នុងខែតុលាកន្លងមក ដោយបានធ្វើឱ្យបទល្មើសមានការថយចុះ ជាមួយនិងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌបាន៣៧ករណី បង្ក្រាបបទល្មើសគ្រឿងញៀន បាន៨៦ករណី បង្ក្រាបក្មេងទំនើងបាន១៤ករណីនិងបង្ក្រាបបទល្មើស (ONLINE SCAM) បានចំនួន ៧ទីតាំង ឃាត់ខ្លួនចំនួន ១៣៧នាក់ / ៦សញ្ជាតិ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរក៏មានការថយចុះ។ប៉ុន្តែអ្វីដែលជាការកត់សំគាល់នោះ គឺគ្រោះថ្នាក់អគ្គិភ័យ បែរជាកើន ឡើងរហូតដល់ ១១លើក / ៩លើក។ចំពោះការកើនឡើងគ្រោះថ្នាក់អគ្គិភ័យនេះ សមាជិកក្រុមប្រឹក្សារាជធានី បានស្នើសុំឱ្យអាជ្ញាធររាជធានីភ្នំពេញ ផ្សព្វផ្សាយនិងអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំសាមញ្ញលើកទី១៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤នេះមានរបៀបវារៈចំនួន៣ ក្នុងនោះរួមមាន៖ ១- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សារាជធានី – ភ្នំពេញ ឆ្នាំទី២អាណត្តិទី៤កាលពីថ្ងៃទី៩ តុលា ឆ្នាំ២០២៥ ។ ២- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៥ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលរាជធានីភ្នំពេញនិងទី៣-ស្តាប់របាយការណ៍លទ្ធផលការងារដែលសម្រេចបាន របស់ការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញនិងគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារនៃរដ្ឋបាលរាជធានីភ្នំពេញ៕ ដោយ ៖ សំរិត









