ខេត្តស្ទឹងត្រែង៖ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ដែលរៀបចំនៅឃុំ អូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ប្រជាពលរដ្ឋ និងមន្រ្តីរាជការ ប្រមាណជា៤០០នាក់ ។
លោក ឈាង ឡាក់ បានមានប្រសាសន៍ថា៖ នៅស្រុកសៀមបូក ប្រជាពលរដ្ឋបានសំណូមពរចំនួន ២៦សំណូមពរ ដែលភាគច្រើនគឺពាក់ព័ន្ធនឹង ផ្លូវ ស្ពាន អគ្គិសនី ជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ពាក់ព័ន្ធនិងការសំណូមពររបស់ប្រជាពលរដ្ឋ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត រួមនិងប្រធានមន្ទីរអង្គភាព ពាក់ព័ន្ធ បានធ្វើការដោះស្រាយរួចរាល់នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នោះ។
គួរបញ្ជាក់ថា នៅស្រុកសៀមបូក បានទទួលគម្រោងអភិវឌ្ឍន៍ជាច្រើន ជាពិសេសការស្ថាបនាផ្លូវ ស្ពាន ជាគម្រោង របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានជាបន្តបន្ទាប់។ វេទិកាសាធារណៈនេះពិតជាមានសារសំខាន់ណាស់ក្នុងការជួយជំរុញដល់ការអនុវត្តមុខងារគ្រប់ស្ថាប័នមានការពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនៅថ្នាក់មូលដ្ឋាន។
ក្នុងនោះការពិនិត្យ និងដោះស្រាយបញ្ហា សំណួរ សំណូមពរបស់ប្រជាពលរដ្ឋ នឹងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។វេទិកាសាធារណៈនេះ នៅក្នុងក្របខណ្ឌពង្រឹងលទ្ធិប្រជាធិបតេយ្យ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលជាឆន្ទៈយ៉ាងមោះមុតរបស់ថ្នាក់ដឹកនាំ ជាពិសេស សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដោយសម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការជួយជំរុញឱ្យកម្ពុជាអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ ដោយបានឱ្យថ្នាក់ក្រោមជាតិ ជំរុញអនុវត្តកម្មវិធីវេទិការក្រុមប្រឹក្សានៅគ្រប់បណ្ដាក្រុងស្រុកទាំងអស់ ដើម្បីស្ដាប់ ទទួលយកនូវបញ្ហា និងសំណូមពរ របស់ប្រជាពលរដ្ឋមកដោះស្រាយបានទាន់ពេលវេលា៕
ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង










