ខេត្តពោធិ៍សាត់,÷ ក្រុមមការងារបច្ចេកទេស និងការដ្ឋាន នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បន្តសកម្មភាពជួសជុល ស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ៥៥(ចំណុចអន្ទង់អាំង) PK141+300 ដែលរងប៉ះពាល់ដោយទឹកភ្លៀងហូរច្រោះ ធ្លាក់ភក់ ដើមឈើ និងថ្មលើតួផ្លូវ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ។ នេះបើតាមការបញ្ជាក់ពីលោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកអ្នកពាក្យរូបនេះ បានបញ្ជាក់ថា សកម្មភាពជួសជុល និងស្តារឡើងវិញសម្រេចវឌ្ឍនភាពប្រមាណ៩០%ហើយ រួមមាន៖ សកម្មភាពជួសជុលផ្លូវដោយក្រាលកៅស៊ូDBSTដែលខូចខាត, ជើងទេរ,ជួសជុលសំណង់ប្រឡាយ និងស្តារដីភក់ ដុំថ្ម ដើមឈើចេញពីលូ ប្រឡាយជាដើម។
ស្ថានភាពចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋលើផ្លុវជាតិលេខ៥៥ មានសភាពធម្មតា ខណៈដែលទឹកភ្លៀងបានថមថយ បង្កលក្ខណៈងាយស្រួលដល់ដំណើរការការដ្ឋានស្ថាបនា និងជួសជុល។
សូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ដោយត្រូវបើកបរក្នុងល្បឿនមួយដែលអាចគ្រប់គ្រងបាន ស្តាប់តាមការណែនាំរបស់ក្រុមការងារការដ្ឋាន និងសូមមេត្តាយោគយល់ដល់ដំណើរការការដ្ឋានរំខានដល់ការធ្វើដំណើររបស់បងប្អូន៕
ដោយ÷តារា










