មនុស្ស ២០ នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះយោធាទួរគី នៅហ្សកហ្ស៊ី

ចែករំលែក៖

យន្តហោះដឹកជញ្ជូនយោធា C-130 របស់ទួរគីបានធ្លាក់នៅហ្សកហ្ស៊ីនៅថ្ងៃទី ១១ ខែវិច្ឆិកា បន្ទាប់ពីហោះចេញពីអាស៊ែបៃហ្សង់។ ទាហានទាំង ២០ នាក់នៅលើយន្តហោះ រួមទាំងក្រុមនាវិក ត្រូវបានគេជឿថាបានស្លាប់ ប៉ុន្តែចំនួនពិតប្រាកដកំពុងតែផ្ទៀងផ្ទាត់។
រូបភាពបង្ហោះនៅលើបណ្តាញសង្គម បង្ហាញពីយន្តហោះកំពុងវិលនៅលើអាកាស ដោយបន្សល់ទុកនូវផ្សែងពណ៌ស ជាមួយនឹងកន្ទុយរបស់វាខូចខាតយ៉ាងធ្ងន់ធ្ងរ។ ប្រធានាធិបតីទួរគី Recep Tayyip Erdoğan បានសម្តែង “ការសោកសៅយ៉ាងជ្រាលជ្រៅ” និងបានផ្ញើការចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃទាហានដែលបានស្លាប់។
ប្រធានាធិបតីអាស៊ែបៃហ្សង់ Ilham Aliyev ក៏បានផ្ញើការចូលរួមរំលែកទុក្ខទៅកាន់សមភាគីទួរគីរបស់គាត់ ដោយសង្កត់ធ្ងន់ថា “ការបាត់បង់នេះគឺជាសោកនាដកម្មយ៉ាងជ្រាលជ្រៅសម្រាប់ប្រទេសទាំងពីរ”។ កងកម្លាំងជួយសង្គ្រោះហ្សកហ្ស៊ី និងអាស៊ែបៃហ្សង់ត្រូវបានដាក់ពង្រាយដើម្បីសម្របសម្រួលការស្វែងរកជនរងគ្រោះ និងការស៊ើបអង្កេតនៅកន្លែងកើតហេតុ ក្នុងតំបន់ Sighnaghi នៃតំបន់ Kakheti ជិតព្រំដែនអាស៊ែបៃហ្សង់។ យន្តហោះ C-130E Hercules ដែលមានលេខសម្គាល់ TUAF543 ជាយន្តហោះដឹកជញ្ជូនយុទ្ធសាស្ត្រដែលមានម៉ាស៊ីនបួន បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Ganja ដោយឡើងដល់កម្ពស់ហោះហើរ 24,000 ហ្វីត មុនពេលបាត់បង់ការទាក់ទងប្រហែល 30 នាទីក្រោយមក។ យន្តហោះប្រភេទនេះមានប្រជាប្រិយភាពជាមួយកងកម្លាំងប្រដាប់អាវុធតួកគី ដែលត្រូវបានប្រើសម្រាប់ដឹកជញ្ជូនបុគ្គលិកយោធា អាហារ និងជំនួយវេជ្ជសាស្រ្ត។

ក្រុមហ៊ុន Lockheed Martin ដែលជាក្រុមហ៊ុនផលិតយន្តហោះ C-130 បានសម្តែងការចូលរួមរំលែកទុក្ខ និងបានសន្យាថានឹងគាំទ្រប្រទេសទួរគីក្នុងការស៊ើបអង្កេត។
ដោយសារតែយន្តហោះដឹកជញ្ជូន C-130 របស់ប្រទេសទួរគីបានចុះខ្សោយបន្ទាប់ពីប្រើប្រាស់អស់ជាច្រើនទសវត្សរ៍ រដ្ឋាភិបាលកំពុងពន្លឿនផែនការធ្វើឱ្យប្រសើរឡើង ឬជំនួសក្រុមយន្តហោះចាស់។ ថ្មីៗនេះ ទីក្រុងអង់ការ៉ាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីទិញយន្តហោះ C-130 ចំនួន 12 គ្រឿងដែលត្រូវបានបញ្ឈប់ពីកងទ័ពអាកាសអង់គ្លេស ដើម្បីរក្សាសមត្ថភាពដឹកជញ្ជូនយុទ្ធសាស្ត្ររបស់ខ្លួន ខណៈពេលដែលកំពុងរង់ចាំការបញ្ចប់គម្រោងទំនើបកម្មក្នុងស្រុករបស់ខ្លួន៕

...

រូប​ថត:​AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print