វៀតណាម៖ យោងតាមការផ្សាយរបស់ VN Express នៅថ្ងៃពុធទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បាននិយាយថា ថ្នាំចាក់ព្យាបាលជំងឺមហារីករបស់រុស្ស៊ីឈ្មោះ Pembroria បានទទួលអាជ្ញាប័ណ្ណ សម្រាប់ការព្យាបាលនៅប្រទេសរបស់ខ្លួនហើយ។
ជាក់ស្ដែងយោងតាម VN Express ដោយដកស្រង់ប្រភពពីរដ្ឋបាលឱសថវៀតណាម និយាយថា ថ្នាំនេះទទួលបានភ្លើងបៃតង ឱ្យប្រើប្រាស់ជាផ្លូវការរយៈពេល៣ឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយ ត្បិតត្រូវបានអនុញ្ញាតឱ្យចាក់ឆាប់ៗនេះមែន ប៉ុន្តែវៀតណាមមិនទាន់កំណត់កាលបរិច្ឆេទជាក់លាក់ឡើយ។
ថ្នាំចាក់នេះត្រូវបានផលិតឡើងដោយក្រុមហ៊ុន Biocad របស់រុស្ស៊ី និងចុះបញ្ជីដោយក្រុមហ៊ុនមួយមានមូលដ្ឋាននៅប្រទេសអារ៉ាប់រួម។ វាមានប្រសិទ្ធភាពព្យាបាលជំងឺមហារីកជាង១០ប្រភេទ រួមមាន មហារីកសួត មហារីកស្បែក មហារីកពោះវៀនធំ មហារីកមាត់ស្បូន និងមហារីកតម្រងនោមជាដើម។
គួរជម្រាបជូនថា ថ្នាំនេះមានផ្ទុកសារធាតុសកម្ម Pembrolizumab ហើយត្រូវបានគេប៉ាន់ស្មានថា មួយដបមានតម្លៃប្រមាណ ៥៨០ ដុល្លារអាមេរិក៕ដោយ៖តារា











