ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វេីការស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីលួចកាច់សោកម៉ូតូមួយគ្រឿងបានសម្រេច កាលពីថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០២៥ វេលាម៉ោង០៧និង៣០នាទី ត្រង់ចំណុចមុខបន្ទប់ជួល ផ្លូវបេតុង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ណុល ដាវី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យដែលឃាត់ខ្លួនមាន ឈ្មោះ សាន វាសនា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ មានទីលំនៅភូមិដំរីស្លាប់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ឃាត់ខ្លួននៅវេលាម៉ោង០៩និង៤០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិដំរីស្លាប់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
វត្ថុតាងចាប់យកទុក: ១/ម៉ូតូម៉ាកHONDA DRAM C១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១KS-៣៦៨១ លេខតួ និងលេខម៉ាសុីន ០១៦២៤៥៧ ចំនួន០១គ្រឿង ២/ទួណឺវុីស ចំនួន០២ ៣/សោ លេខ១០ ចំនួន០១ ៤/កូនសោម៉ូតូ ចំនួន០១។
សមត្ថកិច្ច បានបញ្ចាក់ថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៣និង០០នាទី ជនរងគ្រោះឈ្មោះ ណុល ដាវី ភេទប្រុស អាយុ២០ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកHONDA DRAM C១២៥ ចេញពីកន្លែងផឹកស៊ីនៅម្ដុំផ្សារខេម៉ល ផ្លូវវេងស្រេង ស្ថិតនៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មកបន្ទប់ជួលស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលមកដល់ជនរងគ្រោះក៏បានទុកម៉ូតូនៅខាងមុខបន្ទប់ជួលដោយបានចាក់សោក និងបិទសន្ទះសុវត្ថិភាពម៉ូតូត្រឹមត្រូវ ហើយជនរងគ្រោះក៏បានចូលទៅដេកនៅក្នុងបន្ទប់ជួល ។ ដល់វេលាម៉ោង០៧ និង៣០នាទី ជនរងគ្រោះភ្ញាក់ពីដេកក៏បានដើរចេញមកខាងក្រៅបន្ទប់ជួលស្រាប់តែបាត់ម៉ូតូម៉ាកខាងលើ ទើបជនរងគ្រោះមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ រាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្ដឹងដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យយកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។
បន្ទាប់មកសមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវតាមរយៈជីភីអេសដែលបំពាក់ជាប់ម៉ូតូម៉ាកខាងលើ រួចជីភីអេសក៏បានបង្ហាញទីតាំងម៉ូតូម៉ាកខាងលើត្រូវបានផ្តាច់នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិដំរីស្លាប់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ លុះដល់វេលាម៉ោង០៩ និង៤០ ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចក៏បានបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ សាន វាសនា ភេទប្រុស អាយុ២៩ឆ្នាំ រួមនិងវត្ថុតាងយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា បក្ខពួករបស់ខ្លួន ឈ្មោះ សីហា ភេទប្រុស អាយុប្រហែល២៥ឆ្នាំ (គេចខ្លួន) បានលួចម៉ូតូរបស់ជនរងគ្រោះយកមកផ្ទះរបស់ខ្លួនដោយផ្តាច់ជីភីអេសដែលបំពាក់ជាប់ម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ។
បច្ចុប្បន្ន នេះ ជនសង្ស័យខាងលេីកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដេីម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់ ៕ ដោយ ៖ ភារ៉ា ដង្កោ









