ភ្នំពេញ៖ ប្រទេសកម្ពុជា និងសិង្ហបុរី កំពុងបោះជំហានទៅមុខដ៏សំខាន់មួយក្នុងការពង្រឹងការតភ្ជាប់ហិរញ្ញវត្ថុក្នុងតំបន់អាស៊ាន ជាមួយនឹងការដាក់ឱ្យដំណើរការនូវការតភ្ជាប់ការទូទាត់ប្រាក់តាមខ្យូអរកូដ (QR Code) ឆ្លងដែនរវាង RoamQR របស់ក្រុមហ៊ុន Liquid Group និងប្រព័ន្ធទូទាត់ឌីជីថលបាគង (Bakong) របស់កម្ពុជា។
ពិធីសម្ពោធជាផ្លូវការនេះត្រូវបានធ្វើឡើងនៅក្នុងកម្មវិធីបច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរីឆ្នាំ២០២៥ (Singapore Fintech Festival 2025) នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ លោកស្រីបណ្ឌិត ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Sopnendu Mohanty នាយកប្រតិបត្តិក្រុមហ៊ុននៃបណ្តាញហិរញ្ញវត្ថុ និងបច្ចេកវិទ្យាសកល (GFTN)។ តំណាងជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា ក្រុមហ៊ុន Liquid Group ធនាគារអេស៊ីលីដា និងធនាគារហ្វីលីព (Phillip) ក៏បានចូលរួមផងដែរ។
ដំណាក់កាលទី១ នៃការតភ្ជាប់ការទូទាត់ឆ្លងដែនដោយប្រើលេខកូដខ្យូអរ ត្រូវបានគាំទ្រដោយធនាគារពីរគឺ ធនាគារអេស៊ីលីដា (ACLEDA) និងធនាគារហ្វីលីព (Phillip) ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់ និងអ្នកធ្វើដំណើរពីកម្ពុជាអាចធ្វើការទូទាត់ដោយស្កេនលេខកូដ RoamQR របស់អាជីវករសិង្ហបុរី តាមរយៈកម្មវិធីទូរសព្ទ័ដែលមានកម្មវិធីទូរស័ព្ទបាគង និងភ្ជាប់ជាមួយគណនីប្រាក់រៀលខ្មែរ។
នៅដំណាក់កាលបន្តបន្ទាប់ នាពេលអនាគត ការសហការនេះក៏នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ និងអ្នកធ្វើដំណើរសិង្ហបុរីស្កេន KHQR នៅកម្ពុជា ដោយទូទាត់ផ្ទាល់ពីកម្មវិធីទូទាត់ប្រាក់របស់សិង្ហបុរី ដែលពួកគេពេញចិត្ត ដែលនេះនឹងលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីទូទាត់ឌីជីថលទ្វេភាគី ដោយមានភាពរួមបញ្ចូល និងអាចធ្វើអន្តរកម្មបាន។
តាមរយៈការពង្រីកបណ្តាញឌីជីថលដែលមានសុវត្ថិភាពដូចជាបាគង ធនាគារជាតិនៃកម្ពុជាកំពុងពង្រឹងទំនុកចិត្តសាធារណៈលើការទូទាត់ឌីជីថល និងលើកកម្ពស់តម្លាភាព និងភាពរួមបញ្ចូលកាន់តែច្រើននៅទូទាំងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុដែលកំពុងរីកចម្រើនរបស់ប្រទេសកម្ពុជា។
លោកស្រីបណ្ឌិត ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា៖ «ព្រឹត្តិការណ៍ថ្ងៃនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការជំរុញសមាហរណកម្មសេដ្ឋកិច្ចកាន់តែទូលំទូលាយរវាងប្រទេសយើង និងជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ចលនានេះ បង្កើតឡើងដោយផ្អែកលើកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់របស់ប្រទេសកម្ពុជាក្នុងការច្នៃប្រឌិតការទូទាត់ឌីជីថល បន្ទាប់ពីការតភ្ជាប់លេខកូដ QR ឆ្លងកាត់ព្រំដែនដ៏ជោគជ័យរបស់យើងជាមួយប្រទេសថៃ វៀតណាម ឡាវ ម៉ាឡេស៊ី ចិន និងជប៉ុន។ ឥឡូវនេះ យើងកំពុងពង្រីកការតភ្ជាប់ទៅកាន់ប្រទេសសិង្ហបុរី ដើម្បីបង្កើត ឱកាសថ្មីៗសម្រាប់ប្រជាពលរដ្ឋ អាជីវកម្ម និងសេដ្ឋកិច្ចរបស់យើង។ យើងកំពុងរួមគ្នាឈានមួយជំហានដ៏សំខាន់ឆ្ពោះទៅរកការតភ្ជាប់ហិរញ្ញវត្ថុឌីជីថលកាន់តែទូលំទូលាយនៅទូទាំងអាស៊ាន និងលើសពីនេះ»។
លោក Jeremy Tan នាយកប្រតិបត្តិក្រុមហ៊ុន Liquid Group ក៏បានលើកឡើងថា៖«ការសហការជាមួយធនាគារជាតិនៃកម្ពុជា និងប្រព័ន្ធបាគង ឆ្លុះបញ្ចាំងពីគោលដៅរួមរបស់យើងក្នុងការពង្រីកវិសាលភាពរបស់ RoamQR ស្របពេលដែលអាចឱ្យមានអន្តរប្រតិបត្តិការទូទាត់ឆ្លងព្រំដែនប្រកបដោយសុវត្ថិភាព »៕ ដោយ៖តារា










