លោករដ្ឋមន្ត្រី ហេង សួរ សាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងវិស័យឯកជននៅកម្ពុជា និងអឺរ៉ុបនាពេលនេះ ដែលជាច្រកដ៏ចាំបាច់ក្នុងការផ្សារភ្ជាប់គ្រឹះស្ថានសិក្សាពីកម្ពុជាទៅកាន់អឺរ៉ុប

ចែករំលែក៖

ភ្នំពេញ៖ ថ្លែងក្នុងកិច្ចសន្ទនារវាងសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងវិស័យឯកជននៅកម្ពុជា និងអឺរ៉ុប​ លោក​ ហេង​ សួរ​ រដ្ឋមន្ត្រី​ក្រុមការងារ​បណ្ដុះបណ្ដាល​ និង​វិជ្ជាជីវៈ​ បានគូសបញ្ជាក់ពីសារសំខាន់នៃកិច្ចសន្ទនារវាងសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងវិស័យឯកជននៅកម្ពុជា និងអឺរ៉ុបនាពេលនេះ ដែលជាច្រកដ៏ចាំបាច់ក្នុងការផ្សារភ្ជាប់គ្រឹះស្ថានសិក្សាពីកម្ពុជាទៅកាន់អឺរ៉ុប។

ការថ្លែងបែបនេះ​របស់​លោក ហេង សួរ នាឱកាស​អញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចសន្ទនារវាងសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងវិស័យឯកជននៅកម្ពុជា និងអឺរ៉ុប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១២ ខែវិច្ឆិកាថ្មីៗនេះ នៅសាលបុរីកោះពេជ្រ។ ក្នុងនោះក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពី លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជាផងដែរ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា តាមរយៈអាហារូបករណ៍របស់សហភាពអឺរ៉ុប បញ្ញវន្តកម្ពុជាជាច្រើនដែលមានទាំងសាស្ត្រាចារ្យ អ្នកសិក្សាស្រាវជ្រាវ វិស្វករ និងអ្នកបច្ចេកទេសរាប់រយនាក់ ត្រូវបានបណ្តុះបណ្តាលដើម្បីក្លាយជាធនធានមនុស្សក្នុងការជួយអភិវឌ្ឍសង្គមកម្ពុជា ក្នុងក្របខណ្ឌវិស័យអប់រំចំណេះដឹងទូទៅ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស បច្ចេកវិទ្យា និងមុខជំនួញផ្សេងៗ។

លោករដ្ឋមន្ត្រីបានបន្ថែមថា ក្នុងកាលៈទេសៈដែលបច្ចេកវិទ្យាមានការវិវត្តយ៉ាងលឿន និងឆាប់រហ័សដូចពេលបច្ចុប្បន្ន ទាមទារឱ្យមានការបណ្តុះបណ្តាល និងការអភិវឌ្ឍលើធនធានមនុស្សលើគ្រប់ផ្នែក គ្រប់វិស័យដើម្បីបម្រើសេចក្តីត្រូវការនៃឧស្សាហកម្ម និងតម្រូវការសង្គម។

ទន្ទឹមនេះ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយការធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនដើម្បីធ្វើទំនើបកម្មគ្រឹះស្ថាន និងប្រព័ន្ធបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យកាន់តែមានភាពស្វាហាប់ផ្សារភ្ជាប់ទៅនឹងឧស្សាហកម្ម និងស្របទៅតាមតម្រូវការនាពេលអនាគត ហើយក្រសួងក៏កំពុងពង្រីកនូវការបណ្តុះបណ្តាលជំនាញឌីជីថល ជំនាញស្វ័យប្រវត្តិកម្ម និងជំនាញលើផ្នែកបច្ចេកវិទ្យាបៃតង ព្រមទាំងលើកកម្ពស់ការចុះកម្មសិក្សាដែលអនុញ្ញាតឱ្យសិក្ខាកាមរៀនសូត្រតាមរយៈការអនុវត្តជាក់ស្តែង។

មុននឹងបញ្ចប់ លោករដ្ឋមន្ត្រី ជឿជាក់ថា តាមរយៈកិច្ចសន្ទនាថ្ងៃនេះនឹងជំរុញឱ្យកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងវិស័យឯកជននៅកម្ពុជា និងអឺរ៉ុបកាន់តែស៊ីជម្រៅ និងបង្កើតនូវឱកាសថ្មីៗសម្រាប់ការស្រាវជ្រាវរួមគ្នាលើកំណើនបៃតង, នវានុវត្តន៍ឌីជីថល និងឧស្សាហកម្មប្រកបដោយនិរន្តរភាព៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print