លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជួបផ្ដល់អនុសាសន៍ដល់យុវជនកាយឫទ្ធិមុននឹងទៅចូលរួមបោះជំរំកាយឫទ្ធិនៅសិង្ហបុរី

ចែករំលែក៖

ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ដល់គណៈប្រតិភូកាយឫទ្ធិនារីកម្ពុជា ចំនួន៣៨នាក់ មុន នឹងទៅចូលរួមកម្មវិធីបោះជំរំកាយឫទ្ធិជំទង់អន្តរជាតិ ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី  (Singpore International Jamboree 2025) ។

ក្នុងឱកាសនោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មានប្រសាសន៍ថា ការទៅចូល រួមកម្មវិធីបោះជំរំ កាយឫទ្ធិយុវជនជំទង់អន្តរជាតិ នៅសិង្ហបុរីនេះ យុវជនកម្ពុជានឹងទទួលបាននូវបទពិសោធន៍ល្អៗ ពីយុវជនបណ្ដាប្រទេសនានាដែលចូលរួម ក៏ដូចជាការដោះដូរវប្បធម៌រវាងគ្នា ។

លោកជំទាវបណ្ឌិតបន្តថា ការបោះជំរំកាយឫទ្ធិយុវជនជំទង់អន្តរជាតិ ជាអត្តសញ្ញាណចលនារបស់កាយឫទ្ធិ ជាវិធីសាស្ត្រអប់រំបែបកាយឫទ្ធិដល់កុមារ និងយុវជន ការសិក្សានិងអនុវត្តដោយផ្ទាល់ ដែលនៅក្នុងសាលាមិនបានបង្រៀន និងការ សិក្សាជាច្រើនទៀត ដែលគណៈប្រតិភូយុវជនកាយឫទ្ធិកម្ពុជា នឹងទទួលបាន ។

ជាមួយនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានផ្ដាំផ្ញើទៅដល់យុវជនកម្ពុជា ដែលនឹងត្រូវចូលរួមការបោះជំរំកាយឫទ្ធិជំទង់អន្តរជាតិ នៅសិង្ហាបុរី ត្រូវខិតខំរៀនសូត្រឈ្វេងយល់ពីវប្បធម៌នៃយុវជនមកពីបណ្ដាប្រទេសចូលរួម ការផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ខ្មែរ ទេសចរណ៍ និងសក្ដានុពលផ្សេងៗរបស់កម្ពុជា ទៅកាន់យុវជនទាំងអស់នោះ ជាពិសេសត្រូវរក្សាសីលធម៌ ប្រពៃណី មានសុជីវធម៌  រក្សាសុខភាព សេចក្តីថ្លែថ្នូរ ចេះរួបរួមសាមគ្គីគ្នា ចេះយកអាសារគ្នា គោរពច្បាប់ វិន័យ និងបទបញ្ជាផ្សេងៗរបស់កម្មវិធី ជាពិសេស ត្រូវលើកមុខលើកមាត់ប្រទេសជាតិយើង ដើម្បីឲ្យមានឱកាសបន្តចូលរួមព្រឹត្តិការណ៍អន្តរជាតិបែបនេះ សម្រាប់ប្អូនៗជំនាន់ក្រោយ ។

កញ្ញា ហូយ សុភារី កាយឫទ្ធិជំទង់ តំណាងប្រតិភូយុវជនកាយឫទ្ធិជាតិកម្ពុជា បានប្ដេជ្ញាថា នឹងចូលរួមយ៉ាងសកម្ម និងប្រកបដោយទំនួលខុសត្រូវខ្ពស់ជាមួយកម្មវិធីក្នុងជំរំ បង្ហាញឱ្យអស់ពីសមត្ថភាព និងទេពកោសល្យរបស់យុវជនកម្ពុជា ចែករំលែក វប្បធម៌ និងអរិយធម៌ដ៏អស្ចារ្យរបស់កម្ពុជា ទៅកាន់សមាជិកជំរំ ហើយថែរក្សាសុខភាព និងសុវត្ថិភាពខ្លួន ដើម្បីចូលរួមឱ្យពេញទំហឹង និងត្រឡប់មកវិញដោយជោគជ័យ ពិសេសនាំមកនូវកិត្តិយសជូនជាតិមាតុភូមិ ខណៈបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមយ៉ាងសកម្ម ដើម្បីបង្ហាញពីចំណេះដឹងសមត្ថភាព វប្បធម៌ អរិយធម៌ដ៏ផូរផង់របស់កម្ពុជា ។

កញ្ញាបន្តថា នឹងបង្ហាញពីសក្តានុពលរបស់យុវជនកម្ពុជា ដែលកំពុងតែរីកចម្រើន លូតលាស់ឥតឈប់ឈរទាំងបញ្ញា ស្មារតី ជូនមិត្តក្នុងជំរំ ។ កម្មវិធីនេះក៏ជាឱកាសបានបង្ហាញពី “ស្មារតីកម្ពុជាតែមួយ”។ កម្ពុជាដែលស្ថិតក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែភ នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលពោរពេញដោយឱកាស ការអភិវឌ្ឍលើគ្រប់វិស័យ និងឥតឈប់ឈរ ពិសេសស្មារតីរួបរួមដែលធ្វើឱ្យកម្ពុជារឹងមាំ និងបានឆ្លងកាត់ឧបសគ្គដោយជោគជ័យ រហូតទទួលស្គាល់ពីអន្តរជាតិ ។

កញ្ញា ហូយ សុភារី បានបន្ថែមថា បន្ទាប់អំពីចូលរួមការបោះជំរំ នឹងអាចអភិវឌ្ឍខ្លួនឯងមួយកម្រិតទៀត ឱ្យក្លាយជាយុវជន ដែលមានទំនួលខុសត្រូវខ្ពស់ ចេះសហការរស់នៅ និងធ្វើការជាមួយគ្នាដោយក្តីសុខដុម ពិសេសត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមជាមួយអ្នកជំនាន់មុន ដើម្បីការពារប្រទេសជាតិ នៅពេលដែលប្រទេសជាតិត្រូវការ ហើយគោរពច្បាប់ និងបទបញ្ជានានារបស់ជំរំ ។

លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ការបោះជំរំកាយឫទ្ធិជំទង់អន្តរជាតិសឹង្ហបុរី ចាប់ពីថ្ងៃទី១៨ ដល់ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាកម្មវិធីសម្រាប់កាយឫទ្ធិជំទង់ចន្លោះអាយុ១៣ដល់១៧ឆ្នាំ រៀបចំឡើងក្នុងគោលបំណង ដើម្បីអបអរសាទរខួប៦០ឆ្នាំ នៃឯករាជ្យជាតិសឹង្ហបុរី និងប្រមូលផ្តុំកាយឫទ្ធិ មកពីក្នុងតំបន់ធ្វើការបណ្តុះបណ្តាល អភិវឌ្ឍសមត្ថភាព ផ្លាស់ប្តូរបទពិសោធន៍ និងសិក្សារួមគ្នារវាងវប្បធម៌ចម្រុះ របស់ជាតិសាសន៍ មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាង៣ប្រទេស ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print