លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ថ្លែងថា កម្ពុជា និងថៃ នឹងមានភាពល្អប្រសើរនឹងគ្នា ក្រោយកិច្ចពិភាក្សាតាមទូរស័ព្ទ

ចែករំលែក៖

ទីក្រុងវ៉ាស៊ីនតោន ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយថា ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា បាននិយាយថាលោកគិតថាកម្ពុជា និងថៃនឹងមានភាពល្អប្រសើរនឹងគ្នា បន្ទាប់ពីរូបលោកបានបើកកិច្ចពិភាក្សា តាមទូរស័ព្ទជាមួយមេដឹកនាំនៃប្រទេសទាំង២ ដើម្បីជួយសម្របសម្រួលភាពតានតឹងថ្មីចុងក្រោយបំផុត មួយនៅក្នុងជម្លោះរវាងប្រទេសទាំង២។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក ត្រាំ បានគូសបញ្ជាក់ថា «ខ្ញុំបានជជែកជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ ហើយពួកគេកំពុងធ្វើបានល្អណាស់។ ខ្ញុំគិតថាពួកគេនឹងមានភាពល្អប្រសើរនឹងគ្នា»។

គួរបញ្ជាក់ថា នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ សេតវិមានបានឱ្យដឹងថា «លោកប្រធានាធិបតី ត្រាំ បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយភាគីកម្ពុជា និងថៃ ក្នុងកិច្ចប្រឹងប្រែង ដើម្បី សម្របសម្រួលជម្លោះដែលបានផ្ទុះឡើងថ្មីៗនេះ»។ សេតវិមានបន្ថែមថាលោក ត្រាំក៏បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយម៉ាឡេស៊ីផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយប់ថ្ងៃទី ១៤ វិច្ឆិកា ២០២៥ បានជួបពិភាក្សាតាមទូរសព្ទជាមួយ លោក Donald J. Trump ប្រធានាធិបតីអាម៉េរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជាថៃ ក្នុងគោលបំណងបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និង ថៃ។
ក្នុងជំនួបនោះ សម្តេចថ្លែងអំណរគុណ លោក Trump ដែលបានផ្តួចផ្តើមនិងសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃកន្លងមក និង សម្រេចបាននូវសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដេីម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ។សម្តេចបានបញ្ជាក់ជាថ្មី អំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និង សង្ឃឹមថាភាគីទាំងពីរ នឹងបន្តធ្វើការជាមួយគ្នាស្របតាមគោលការណ៍ និងយន្តការទ្វេភាគីដែលបានឯកភាពគ្នា រួមទាំងការដោះមីនមនុស្សធម៌តាមបណ្តោយព្រំដែន។

បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងជំនួបនោះ លោក Trump បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា លោកចង់ឃេីញសន្តិភាពស្ថិតស្ថេររវាងកម្ពុជា និងថៃ។ ក្នុងន័យនេះ លោកប្រធានាធិបតីនឹងបន្តតាមដានកិច្ចការនេះដោយយកចិត្តទុកដាក់ ដេីម្បីធានាមិនឱ្យមានការផ្ទុះអាវុធឡេីងវិញនៅបណ្តោយព្រំដែនកម្ពុជា-ថៃ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print