ខេត្តស្វាយរៀង: មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយបានកើតឡើងនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥រវាងរថយន្តដឹកកម្មករមួយគ្រឿងបានបុកម៉ូតូ២គ្រឿងនិងបន្តទៅបុករថយន្តដឹកសិស្សមួយគ្រឿងទៀតបណ្ដាលអោយស្លាប់បុរសជាសន្តិសុខឯកជនម្នាក់ផ្អើលដល់អ្នកធ្វើដំណើរចោមរោមមើលទាំងព្រឹកនៅក្រុងបាវិត ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង២០នាទីព្រឹក តាមបណ្ដោយលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិថ្នល់ជាតិ សង្កាត់ច្រកម្ទេស ក្រុងបាវិត។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា បុរសដែលស្លាប់មានឈ្មោះអ៊ុនណារី អាយុ៣៨ឆ្នាំ មុខរបរសន្តិសុខឯកជន មានកូនប្រុសចំនួន៣នាក់ មានប្រពន្ធលក់ដូរនិងមានទីលំនៅក្នុងភូមិអូរដូនអាម ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍។
តាមសាក្សីបានអោយដឹងថា មុនពេលកើតហេតុ មានរថយន្តដឹកកម្មករមួយគ្រឿង ពណ៌សលាយក្រហមនិងផ្ទៃមេឃ ពាក់ស្លាកលេខភ្នំពេញ ៣A-៦៤៤៥ដោយបើកលើកំណាត់ផ្លូវជាតិលេខ១ក្នុងទិសដៅពីលិចទៅកើត ក៏បានបុកម៉ូតូហុងដាមួយគ្រឿងនិងបានបុកម៉ូតូមួយគ្រឿងទៀតដែលជារបស់បុរសរងគ្រោះនិងកិនពីលើបណ្ដាលអោយស្លាប់ជនរងគ្រោះ ហើយរថយន្តបន្តរេចង្កូតទៅបុករថយន្តហ៊ីយ៉ាន់ដាយដឹកសិស្សមួយគ្រឿងពណ៌លឿងពាក់ស្លាកលេខភ្នំពេញ២A-១១៧៤យ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយបង្កហេតុអ្នកបើករថយន្តដឹកកម្មករឃើញសភាពការណ៍មិនស្រួលក៏បានរត់គេចខ្លួនបន្សល់តែរថយន្តនៅនឹងកន្លែងកើតហេតុតែប៉ុណ្ណោះ។
បន្ទាប់មកសមត្ថកិច្ចនគរបាលក្រុងបានមកដល់ធ្វើការវាស់វែងនិងធ្វើកំណត់ហេតុព្រមទាំងប្រគល់សពទៅអោយក្រុមគ្រួសារជនរងគ្រោះទាំងក្ដុកក្ដួលជាទីបំផុត៕ ដោយសុថាន










