ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទសល្យសាស្ត្រកម្ពុជាប្រចាំឆ្នាំ លើកទី៣០ ក្រោមប្រធានបទ «ភាពប្រឈមនៃការវះកាត់ជំងឺមហារីក» ថ្ងៃសៅរ៍ ១០រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
សន្និសីទនាថ្ងៃនេះ ក្រោមប្រធានបទ «ភាពប្រឈមនៃការវះកាត់ជំងឺមហារីក» ឆ្លើយតបទៅនឹងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០ និងការប្រយុទ្ធនឹងជំងឺមិនឆ្លង ដែលជាការឆ្លើយតបដ៏សំខាន ចំពោះការកើនឡើងនៃបន្ទុកជំងឺមហារីក ដែលជាមូលហេតុចម្បងមួយ នៃមរណភាពមុនអាយុរំពឹងរស់របស់ប្រជាជនកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាបេ្តជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការប្រយុទ្ធនឹងជំងឺមហារីក តាមរយៈការលើកកម្ពស់ការយល់ដឹងពីជំងឺនេះ និងពង្រីកសេវាបង្ការ ព្យាបាល ថែទាំ ប្រកបដោយគុណភាព ដើម្បីការពារប្រជាជនពីជំងឺមហារីក ដែលអាចបង្ការបាន និងកាត់បន្ថយទុក្ខលំបាក ព្រមទាំងបង្កើនគុណភាពជីវិតរបស់អ្នកជំងឺ និងក្រុមគ្រួសារ។
ថ្លែងក្នុងឱកាសនោះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេច និងផ្តោតសំខាន់ ដែលត្រូវយកចិត្តទុកដាក់ខ្ពស់៖ ១) ការប្រើប្រាស់សេវាផ្នែកមហារីកនេះ ប្រកបដោយឧត្តមគតិ សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ ២) ពង្រឹងឱ្យកាន់តែប្រសើរឡើងនូវ ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា ឧបករណ៍សម្ភារៈទំនើប ការបញ្ជូនចំគោលដៅនិងទាន់ពេលវេលា ការធ្វើរោគវិនិច្ឆ័យនិងព្យាបាលបានត្រឹមត្រូវ ៣) គុណភាព និងសុវត្ថិភាព នៃការព្យាបាល ត្រូវមានស្តង់ដាត្រឹមត្រូវ ៤) ពង្រីកការព្យាបាលតាមមន្ទីរពេទ្យគ្រប់កម្រិត និងពង្រឹងការបណ្តុះបណ្តាល ប្រព័ន្ធការកត់ត្រាព័ត៌មាន។
ទន្ទឹមនឹងនេះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍សំខាន់ៗ មួយចំនួន ដល់អង្គពិធី ដូចខាងក្រោម៖
– គ្រូពេទ្យវះកាត់ទាំងអស់ ត្រូវខិតខំរៀនសូត្រ ហ្វឹកហាត់ការងារជាប់ជាប្រចាំ និងមានសាមគ្គីភាព និងសហការគ្នា។
– ជោគជ័យនៃការវះកាត់ គឺលទ្ធផលចុងក្រោយ ដែលអ្នកជំងឺជាសះស្បើយតាមពេលវេលាសមស្របជាមួយសុវត្ថិភាព គុណភាពនៃជីវិតល្អប្រសើរ។ ដូច្នេះ ត្រូវគិតគូឱ្យបានសព្វគ្រប់ទាំង មុនពេលវះកាត់ ពេលកំពុងវះកាត់ និងក្រោយពេលវះកាត់។
– ការវះកាត់ដែលមានសុវត្ថិភាពខ្ពស់ និងតម្លៃសមស្រប គឺជាគោលនយោបាយមួយសំខាន់របស់WHO និងក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល។ សុវត្ថិភាព និងតម្លៃសមស្រប ដោយមិនមានការលំបាកផ្នែកហិរញ្ញវត្ថុ គឺជាការចូលរួមសម្រេចបាននូវផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល
– ត្រូវអនុវត្តឱ្យបានច្បាស់លាស់ពេញលេញ បញ្ជីផ្ទៀងផ្ទាត់សុវត្ថិភាពវះកាត់ ដែលជាការរួមចំណែកកាត់បន្ថយកំហុស និងគ្រោះថ្នាក់បានខ្ពស់បំផុត។
ជាទីបញ្ចប់ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់សិក្ខាសាលានាពេលនេះ ត្រូវខឹតខំពិភាក្សា បញ្ចេញមតិ ឆ្លុះបញ្ចាំង និងផ្លាស់ប្តូរយោបល់គ្នា ដើម្បីបង្កើននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ជាច្រើនបន្ថែមទៀត ដែលជាគុណប្រយោជន៍ សម្រាប់បង្កើនគុណភាពសេវាព្យាបាលជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបំពាក់គ្រឿងឥស្សរិយយសមេដាយ ជូន លោកសាស្រ្តាចារ្យ Jacques Baulieux តំណាងបណ្ឌិតសភា វះកាត់នៃប្រទេសបារាំង ដើម្បីលើកទឹកចិត្តដល់លោកសាស្រ្តាចារ្យ ដែលមានស្នាដៃជួយបណ្តុះបណ្តាលនិស្សិត និងតែងតែផ្តល់ឱកាសឱ្យនិស្សិតធ្វើកម្មសិក្សានៅប្រទេសបារាំង។
ក្នុងពិធីនេះដែរ ក៏មានការចូលរួមពី លោកសាស្ត្រាចារ្យ តំណាងបណ្ឌិតសភា វះកាត់នៃប្រទេសបារាំង និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោក លោកស្រី នាងកញ្ញា សាស្រ្តាចារ្យ ប្រធានសមាគមសល្យសាស្ត្រកម្ពុជា ប្រធានសន្និសីទសល្យសាស្ត្រប្រចាំឆ្នាំលើកទី៣០ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សមាជិក សមាជិកា សរុបចំនួន ២៤០នាក់៕
ដោយ ៖ សិលា










