ភ្នំពេញ ៖ បុរសម្នាក់វ័យជាង ២០ឆ្នាំ ត្រូវបានបាត់បង់ជីវិត ខណៈជិះម៉ូតូ ឆ្លងស្តុបជា សុផារ៉ា ក៏មានរថយន្តមួយគ្រឿង បើកបុកយ៉ាងពេញទំហឹង បណ្តាលអោយប្លោងទៅបោកជាមួយបង្គោលភ្លើង ស្លាប់ ។
ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ នឹង ១៥នាទីយប់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចស្តុប ជាសុផារ៉ា តាមបណ្តោយផ្លូវកេខ ៥៩៨ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានអោយដឹងថា គេបានឃើញ បុរសវ័យជាង ២០ឆ្នាំ ជិះម៉ូតូមួយគ្រឿង ម៉ាក Zoomer X ពណ៍ទឹកក្រូចស ពាក់ស្លាកលេខ ក្រចេះ 1D-9646 បើកបរតាមបណ្តោយផ្លូវលេខ ១៨០០ ខណៈមកដល់ចំណុចស្តុបកើតហេតុ ក៏មានរថយន្តមួយគ្រឿង ម៉ាក ហាយឡែនដើ ពណ៍ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2AS- 4450 កំពុងបើកតាមបណ្តោយផ្លូវលេខ ៥៩៨ ដែលទើបតែចេញពីហូបមង្គលការ បានជ្រុលទៅបុកម៉ូតូ យ៉ាងពេញទំហឹង បណ្តាលអោយបុរសរងគ្រោះ ប្លោងទៅបោកក្បាលជាមួយបង្គោលភ្លើង ស្លាប់តែម្តង ។ ភ្លាមៗ សមត្ថកិច្ចកម្លាំងអន្តរាគមន៍ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងល្បាតតាមផ្លូវលេខ ៥៩៨ ក៏ប្រទះឃើញហេតុការណ៍ បានធ្វើការប្រដេញរថយន្តបង្ក ឃាត់បាននៅក្បែរស្តុប កាំកូសុីធី ស្របពេលនោះសមត្ថកិច្ចបានឃាត់ អ្នកបើករថយន្តបង្ក បញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ ដើម្បីសួរនាំ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមកវាស់វែងយកម៉ូតូ នឹង រថយន្តទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ ។ ចំណែកសព ត្រូវបានប្រគល់អោយក្រុមគ្រួសារសាច់ញ្ញាត្តិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ រ៉ារ៉ា










