អាជ្ញាធរអុីរ៉ង់បានចាប់ផ្តើម “បង្កើតពពក” នៅក្នុងតំបន់មួយចំនួនដើម្បីបង្កើនទឹកភ្លៀង ខណៈដែលប្រទេសនេះកំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋអុីរ៉ង់ IRNA បានរាយការណ៍នៅថ្ងៃទី 15 ខែវិច្ឆិកាថា “ការហោះហើរសាបព្រោះពពកបានកើតឡើងនៅក្នុងអាងបឹង Urmia ដែលជាលើកដំបូងនៅក្នុងឆ្នាំជលសាស្ត្របច្ចុប្បន្ន ដែលបានចាប់ផ្តើមនៅក្នុងខែកញ្ញា”។
Urmia គឺជាបឹងធំបំផុតរបស់អុីរ៉ង់ ដែលមានទីតាំងនៅភាគពាយ័ព្យនៃប្រទេសមជ្ឈិមបូព៌ា ប៉ុន្តែស្ទើរតែរីងស្ងួតដោយសារគ្រោះរាំងស្ងួត។ IRNA បានបន្ថែមថា អាជ្ញាធរអុីរ៉ង់នឹងអនុវត្តការសាបព្រោះពពកនៅក្នុងខេត្តភាគខាងកើតនិងខាងលិចនៃប្រទេសអាស៊ែបៃហ្សង់។
ការសាបព្រោះពពកគឺជាបច្ចេកទេសមួយដែលប្រើយន្តហោះដើម្បីទម្លាក់អុីយ៉ូដប្រាក់ចូលទៅក្នុងពពក ដែលជួយបង្កើតគ្រីស្តាល់ទឹកកក។ គ្រីស្តាល់ទឹកកកជួយឱ្យពពកប្រមូលផ្តុំសំណើមកាន់តែច្រើនមុនពេលភ្លៀងធ្លាក់។ អុីរ៉ង់បានប្រកាសកាលពីឆ្នាំមុនថា ខ្លួនបានបង្កើតបច្ចេកវិទ្យាផ្ទាល់ខ្លួនសម្រាប់បច្ចេកទេសនេះ។
អុីរ៉ង់កំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ដោយខេត្តជាងពាក់កណ្តាលរបស់ខ្លួនមិនបានទទួលភ្លៀងធ្លាក់អស់រយៈពេលជាច្រើនខែ ដែលបណ្តាលឱ្យអាងស្តុកទឹកឈានដល់កម្រិតទាបបំផុត។ ប្រធានាធិបតី Masoud Pezeshkian បានព្រមានអំពីហានិភ័យនៃការត្រូវជម្លៀសចេញពីរដ្ឋធានីតេអេរ៉ង់ ប្រសិនបើមិនមានភ្លៀងធ្លាក់នៅចុងខែវិច្ឆិកា។ IRNA បាននិយាយថា ខេត្តភាគខាងលិចនិងភាគពាយ័ព្យមួយចំនួនបានទទួលភ្លៀង ប៉ុន្តែទឹកភ្លៀងមានកម្រិតទាបជាងមធ្យមភាគតាមរដូវកាលដល់ទៅ ៨៩ ភាគរយ។ ទីភ្នាក់ងារឧតុនិយមជាតិអុីរ៉ង់បាននិយាយថា “យើងកំពុងជួបប្រទះនឹងរដូវស្លឹកឈើជ្រុះដ៏ស្ងួតបំផុតក្នុងរយៈពេល ៥០ ឆ្នាំ”៕
រូបថត: AFP










