ភ្នំពេញ ៖ «ស្ងាត់ តែមិនស្ងៀម» អគ្គភស្តុភារជាន់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថា សម្ដេចកំពុងផលិតអាវក្រោះការពារគ្រាប់ ម៉ាក DFF ដើម្បីបំពាក់ជូនកងទ័ពខ្មែរផង និងនាំចេញផង។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងដូច្នេះ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ក្នុងពិធីបើកអនុសំវច្ចរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣។
សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ពលរដ្ឋបន្តចូលរួមគាំទ្រដល់រាជរដ្ឋាភិបាល បង្ហាញពី«ខឿនការពារជាតិ» ដ៏រឹងមាំ ប្រឆាំងការឈ្លានពានទឹកដី ។ សម្តេច ហ៊ុន សែន ប្រកាសប្រឆាំងដាច់ខាត ប្រសិនបើទៅសុំឱ្យថៃ«បើកព្រំដែន» ជាមួយកម្ពុជា ឱ្យថៃបិទ១០០ ទៅ ៥០០ឆ្នាំទៀត ក៏ខ្មែរមិនស្លាប់ដែរ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា តាំងពីថៃបិទព្រំដែនមកកម្ពុជាមិនដែលទៅសុំបើកទេ ហើយទោះបីបិទ១០០ឆ្នាំទៀត ក៏កម្ពុជាមិនទៅស្នើសុំបើកវិញដែរ។ សម្ដេចតេជោ បញ្ជាក់ថា សម្ដេចប្រឆាំងដាច់ខាតចំពោះសំណើរណាមួយដែលទៅសុំបើកព្រំដែនកម្ពុជា-ថៃ ព្រោះរឿងនេះយើងបានដឹងគ្រប់គ្នាហើយ គឺថៃជាអ្នកបិទព្រំដែនដោយឯកតោភី។ ប៉ុន្ដែកម្ពុជាត្រូវពង្រឹងសមត្ថភាពក្នុងការផលិតទំនិញក្នុងការផ្គត់ផ្គង់។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សូម្បីតែករណីភាគីយោធាថៃបាញ់ប្រហារមកលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ក៏សម្ដេចធិបតី បានសុំយោបល់សម្ដេចជាមុនដែរ។ សម្ដេចតេជោ បញ្ជាក់ថា យើងមិនមែនខ្លាចវ៉ៃទេ ប៉ុន្ដែវ៉ៃហើយវាបានផលមកវិញជាអ្វី។ អ្នកដ៏ទៃអ្នកឯងនិយាយបានតែនៅខាងក្រៅទេប៉ុន្ដែមកទល់ពេលនេះ តើអ្នកបានចេញថ្កោលទោសយោធាថៃដែលបាញ់សម្លាប់ពលរដ្ឋស្លូតត្រង់ខ្មែរហើយឬនៅ? ៕
ដោយ ៖ សិលា










