ភ្នំពេញ ៖ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយសង្កេតឃើញថា ទំនាក់ទំនងកម្ពុជានិងចិនកាន់តែរឹងមាំនិងស៊ីជម្រៅឡើងពី មួយថ្ងៃទៅមួយថ្ងៃ ដោយតែងតែឈរលើមូលដ្ឋាន នៃការគោរពអធិបតេយ្យ និង គោរពផលប្រយោជន៍គ្នាទៅវិញទៅមក។
ថ្លែងនៅក្នុងវេទិកាជួបជុំគ្នារវាងបញ្ញវន្តនិងប្រព័ន្ធផ្សព្វផ្សាយ រវាងប្រទេសទាំងពីរ នៅភ្នំពេញ កាលពីពេលថ្មីៗនេះ បណ្ឌិត យង់ ពៅ ដែលមានតួនាទីជាអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ផងដែរនោះ បានមានប្រសាសន៍រម្លឹកថា ទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជានិងចិន ដែលផ្តើមមាននៅឆ្នាំ១៩៥៨ ដោយសម្តេចព្រះបរមរតនកោដិ នរោត្តម សីហនុ ដែលទ្រង់បានបង្កើតឱ្យមានទំនាក់ទំនង យ៉ាងល្អប្រសើរជាមួយប្រទេសចិន បានបន្តពូនជ្រុំដោយអ្នកដឹកនាំជំនាន់ថ្មី, សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបច្ចុប្បន្ននេះ គឺសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាតួអង្គដ៏សំខាន់ក្នុងការពូនជ្រំទំនាក់ទំនង កម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅឡើងពី មួយថ្ងៃទៅមួយថ្ងៃ។
លោកបណ្ឌិតថា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ជានិច្ចកាល តែងឈរលើ មូលដ្ឋាននៃការគោរពអធិបតេយ្យ និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា និង គោរពផលប្រយោជន៍គ្នា ទៅវិញទៅមក។
«កម្ពុជាតែងតែប្រកាន់ខ្ជាប់ នូវគោលជំហរ គោរព គោលនយាបាយចិនតែមួយ»
បណ្ឌិត យង់ ពៅ បន្តថា កម្ពុជាតែងបានប្រកាន់ខ្ជាប់នូវគោលនយោបាយ ការបរទេសអព្យាក្រឹត អចិន្ត្រៃយ៍ និង មិនចូលបក្សសម្ព័ន្ធ។ កម្ពុជាតែងប្រកាន់ខ្ជាប់ជានិច្ច នូវគោលការណ៍បញ្ចសីលាសន្តិសហវិជ្ជមាន ជាមួយប្រទេសជិតខាង និងជាមួយបណ្តាប្រទេសទាំងអស់ ទូទាំងពិភពលោក។ គោលបំណងដ៏ចម្បងរបស់កម្ពុជា ក្នុងគោលនយោបាយការបរទេសនិងការទូត គឺដើម្បីថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ អធិបតេយ្យឯករាជ្យ បូរភាពទឹកដី និងសណ្តាប់ធ្នាប់សង្គម ដើម្បីលើកកម្ពស់សេចក្តី ថ្លៃថ្នូររបស់មនុស្សជាតិ និងវិបុលភាពសេដ្ឋកិច្ច និងដើម្បីកាត់បន្ថយភាពក្រីក្រ៕
ប្រភព ៖ (CCFR)










