ភ្នំពេញ៖ ប្រជាពលរដ្ឋនៅខណ្ឌមានជ័យ បានសំណូមពរឱ្យអាជ្ញាធរជួយសម្រួល ការបង់ថ្លៃសេវាប្រមូលសំរាមពីការបង់ ប្រាក់ដុល្លារទៅជាបង់ប្រាក់រៀលវិញ ដោយសារតែប្រទេសកម្ពុជាប្រើប្រាស់លុយរៀល ហើយប្រជាពលរដ្ឋងាយស្រួលបង់ផងដែរ។
ឆ្លើយតបនឹងសំណូមពរនេះ លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានណែនាំឱ្យសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងរាជធានីភ្នំពេញយកសំណើនេះពិចារណាថា តើអាចទទួលថ្លៃបង់សេវាសំរាមរបស់ប្រជាពលរដ្ឋពីការបង់ ប្រាក់ដុល្លារទៅជាប្រាក់រៀលវិញបានដែរឬទេ ដើម្បីងាយស្រួលឱ្យប្រជាពលរដ្ឋបង់ថ្លៃសេវា។
ខណៈលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ជាអធិបតីក្នុងពិធីបើកវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋនៅខណ្ឌមានជ័យ នាថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
ប្រជាពលរដ្ឋបានលើកឡើងទៀតថា ការបង់ថ្លៃសំរាមរបស់គាត់នៅក្នុងខែនេះ គឺគុណជា២ ដែលមានតម្លៃដល់ទៅ ៥ដុល្លារដែលខែមុនតែ១ម៉ឺនរៀលស្មើ២ដុល្លារកន្លះ។
លោក ហួត ហៃ បានបញ្ជាក់ថា ការបង់ថ្លៃប្រមូលសំរាមគឺពុំបានឡើងថ្លៃឡើយ ប៉ុន្តែដោយសារការដោះដូរប្រព័ន្ធបានធ្វើឱ្យការបង់ប្រាក់ខែនេះត្រូវគុណជា២។ ជាឧទាហរណ៍ ការបង់ថ្លៃសំរាមគឺអនុវត្តតាមប្រព័ន្ធធនាគារ ដោយកាលពី មុនប្រជាពលរដ្ឋត្រូវបង់ថ្លៃសំរាមពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ហើយផុតពីថ្ងៃនេះទៅ គឺពុំអាចបង់បានឡើយ។ ដោយឡែកប្រព័ន្ធថ្មីគឺប្រជាពលរដ្ឋអាចបង់បានពេញ១ខែ នៅថ្ងៃណាក៏បាន ដូច្នេះបានធ្វើឱ្យប្រព័ន្ធ ចេញតារាងបង់រហូត២ខែ។ ប្រសិនបើប្រជាពលរដ្ឋបានបង់ខែនេះចំនួន២ខែហើយ គឺខែក្រោយពុំបាច់បង់ទៀតឡើយ។
លោក ហួត ហៃ បានបញ្ជាក់ថា ក្រុមហ៊ុនដែលដេញថ្លៃប្រមូលសំរាមទាំងអស់នៅរាជធានីភ្នំពេញនេះ គឺសុទ្ធតែជាក្រុមហ៊ុនបរទេស មានដូចជា ក្រុមហ៊ុនស៊ីនទ្រី (Cintri Cambodia)សហការជាក្រុមហ៊ុនចិន អេវើប្រាយ (Ever brigth China) , ក្រុមហ៊ុន 800 ស៊ូបភើ (SUPER/GAEA) (បារាំង-សិង្ហបុរី) និងក្រុមហ៊ុនចិន ម៉ិស៊ូដាគ្រុប ( Mizuda Group Co.,Ltd) ។ ក្រុមហ៊ុនទាំងអស់នេះត្រូវបានបែងចែកសិទ្ធិប្រមូលសំរាមតាមទីតាំងផ្សេងៗគ្នា ហើយដឹកទៅទីលានចាក់សំរាម ដោយគិតជាប្រាក់ដុល្លារពីសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ ក្នុង១តោនតម្លៃ២៣ដុល្លារ។ ក្រុមហ៊ុនទាំងអស់នេះដេញថ្លៃជាអន្តរជាតិ ដោយបង់លុយជាប្រាក់ដុល្លារ ហេតុនេះហើយ បានជាប្រព័ន្ធចេញមកជាប្រាក់ដុល្លារ ប៉ុន្តែសំណូមពររបស់បងប្អូនសូមឱ្យអគ្គនាយកយកទៅពិចារណា ជាមួយក្រុមប្រឹក្សាភិបាលឡើងវិញ តើអាចដូរជាប្រាក់រៀលបានដែរឬទេ? ឧទាហរណ៍ គាត់ត្រូវបង់ ២.៥ ដុល្លារក្នុងមួយខែតើអាចបង់ប្រហាក់ប្រហែល១ម៉ឺនរៀលបានដែរឬទេ? តារាងបង់ប្រាក់កន្លងមកនេះ គឺសម្រេចចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយស្នើសុំការឯកភាពពីថ្នាក់ដឹកនាំខាងលើ ។
ដោយឡែកនៅក្នុងវេទិកានេះដែរ មានប្រជាពលរដ្ឋលើកឡើងជាសំនួរ និងសំណូមពរផ្ទាល់មាត់ចំនួន៧បញ្ហាដែលពាក់ព័ន្ធទៅនឹងវិស័យសាធារណការ ស្នើស្តារប្រឡាយបឹងត្របែក ស្នើដាក់លូ ធ្វើផ្លូវ និងដាក់ភ្លើងបំភ្លឺផ្លូវបន្ថែមនៅក្នុងភូមិសាស្រ្តខណ្ឌ រួមទាំងការស្នើសុំធ្វើអត្តសញ្ញាណបណ្ណផងដែរ។ ចំពោះសំណូមពរដែលប្រជាពលរដ្ឋបានលើកឡើងនេះ ត្រូវបានមន្ទីរជំនាញនិងអាជ្ញាធរខណ្ឌបានបកស្រាយភ្លាមៗ រួមទាំងសន្យាចុះទៅពិនិត្យ ដោះស្រាយជូនពលរដ្ឋ។ចំណែកសំណូមពរជាលាយលក្ខណ៍អក្សរមានចំនួន៧១ច្បាប់ ដោយក្រុមការងារនឹងពិភាក្សាដោះស្រាយ តាមក្រោយ។
លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានកោតសរសើរដល់រដ្ឋបាលរជធានីភ្នំពេញ ដែលបានបំពេញការងារក្នុងឆ្នាំ២០២៥នេះទទួលបានលទ្ធផលល្អ មានតម្លាភាព និងប្រសិទ្ធភាព ដែលបានធ្វើឱ្យរាជធានីភ្នំពេញកាន់តែមានសោភ័ណភាពស្រស់ស្អាត និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋបានកាន់តែល្អប្រសើរ៕. ដោយ សំរិត










