ខេត្តស្វាយរៀង៖ ក្រសួងព័ត៌មានបានរួមសហការជាមួយអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបើកយុទ្ធនាការផ្សព្វផ្សាយអប់រំស្តីពីបញ្ហាគ្រឿងញៀន និងApp NoDrug នៅទីរួមខេត្តស្វាយរៀង។
ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និង ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំនិងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, និងឯកឧត្តម ម៉ែន អេង អភិបាលរង ខេត្តស្វាយរៀង ព្រមទាំងប្រតិភូ ក្រសួង ស្ថាប័ន និងមន្ទីរ អង្គភាពជុំវិញរដ្ឋបាលខេត្ត, មន្រ្តីរាជការ, កងកម្លាំងប្រដាប់អាវុធ, លោកគ្រូ អ្នកគ្រូ, សិស្សានុសិស្ស និងយុវជន យុវនារី ចំនួនប្រហែល៥០០នាក់។
នាឱកាសនោះដែរ លោក ឡុង សេង បានថ្លែងថា សភាពការណ៍គ្រឿងញៀន និងបំផុសឲ្យរួមគ្នាជាចលនាជាតិមួយក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីកសាងសហគមន៍គ្មានគ្រឿងញៀន និងបានស្នើសុំឱ្យគ្រប់សមាសភាពមាន៖ទូរទស្សន៍ វិទ្យុ សិល្បករ-សិល្បការិនី ពិធីករ-ពិធីការិនី អ្នកផលិតមាតិកា បន្តចូលរួមចំណែកក្នុងការបញ្ជ្រាបនូវការយល់ដឹងអំពីបញ្ហាគ្រឿងញៀន ទៅកាន់គ្រប់មជ្ឈដ្ឋាន។
ក្នុងនាម ឯកឧត្តម ប៉េង ពោធិ៍សា ក្នុងឱកាសនោះដែរ ឯកឧត្តម មែន អេង អភិបាលរង បានលើកឡើងដោយបានជំរុញឲ្យយុវជនស្រឡាញ់ការសិក្សា ខិតខំរៀនសូត្រ ចៀសឆ្ងាយពីគ្រឿងញៀន ដើម្បីអនាគតល្អ។
ថ្លែងក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯកលឹម តុងហួត លើកឡើងពីវិនាសកម្ម នៃគ្រឿងញៀន និងអត្ថប្រយោជន៍App NoDrug និងបានសំណូមពរដល់អ្នកចូលរួមទាំងអស់ឱ្យធ្វើការផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ មិត្តភក្កិ និងមនុស្សជាទីស្រឡាញ់ទាំងអស់ ដើម្បីជៀសឆ្ងាយពីគ្រឿងញៀន រាយការណ៍យកគ្រឿងញៀនចេញពីសហគមន៍៕ដោយ៖តារា










