ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបបានបញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តពាក់ព័ន្ធករណីលួចម៉ូតូយ៉ាងសកម្ម។
មន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថា កាល ពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ អាវុធហត្ថខេត្តសៀមរាប បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៦ ដើម្បីសុំកិច្ចអន្តរាគមន៍ ថាមានក្មេងមួយក្រុមជិះម៉ូតូគ្មានស្លាកលេខ និងសួររកអ្នក ទិញម៉ូតូ។ បន្ទាប់ពីទទួលបានបណ្ដឹង កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះស្រាវជ្រាវរហូត ដល់វេលាម៉ោង ១១និង៣០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ទើបឈានដល់ការកំណត់មុខសញ្ញា ដែលធ្វើ សកម្មភាពលួចម៉ូតូយ៉ាងសកម្ម និងឃាត់ជនសង្ស័យបានចំនួន២នាក់ នៅចំណុចផ្លូវសួនសត្វ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ វត្ថុតាងចាប់យកគឺម៉ូតូចំនួន០២គ្រឿង។
ក្រោមវិធានការជំនាញជនសង្ស័យទាំង០២នាក់ខាងលើ បានសារភាពដូចៗគ្នាថា ពួកខ្លួនពិតបានធ្វើសកម្មភាពលួចម៉ូតូ២លើក ពិតប្រាកដមែន ដោយលើកទី១ ក្នុងអំឡុងចុង ខែតុលាឆ្នាំ ២០២៥ បានធ្វើសកម្មភាពលួច នៅជិតផ្សារហ៊ុយឡេង ភូមិតាភុល សង្កាត់ស្វាយដង្គំ និងលើកទី២ លួចនៅ ភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។
ជនសង្ស័យទាំង០២នាក់ខាងលើ ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំ រឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ ការតាមនីតិវិធី។
ដូច្នេះក្នុងនាមជាសមត្ថកិច្ច អាវុធហត្ថខេត្តសៀមរាប អំពាវនាវដល់មហាជនសូមមេត្តាប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិមានតម្លៃផ្សេងៗ ជាពិសេសករណីទុកម៉ូតូចោលដោយធ្វេសប្រហែស ដែលធ្វើឲ្យជនឆ្លៀតឱកាស មានឱកាសធ្វើសកម្មភាពលួចយកទៅបាត់ដោយស្រួល៕










