ខេត្តកែប ៖ លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានថ្លែងថា ការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា កំពុងត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល ជាមួយចក្ខុវិស័យច្បាស់លាស់ ក្នុងនោះគោលបំណងចំបង គឺប្រែក្លាយតំបន់ឆ្នេរសមុទ្រទាំង៤ របស់កម្ពុជា រួមមាន៖ កែប កំពត ព្រះសីហនុ និងកោះកុង ឲ្យក្លាយជាមូលដ្ឋានសេដ្ឋកិច្ចដ៏រឹងមាំ និងមានសមត្ថភាពប្រកួតប្រជែងក្នុងតំបន់។
ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានថ្លែងថា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ កម្ពុជាមានមុខងារចំបង គឺការប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ពុជា ឲ្យក្លាយទៅជារបៀងសេដ្ឋកិច្ចមួយ ដ៏រឹងមាំសម្រាប់ជាតិយើង។
លោកឧបនាយករដ្ឋមន្ត្រី លើកឡើងដូចនេះ នៅក្នុងសិក្ខាសាលាវិបស្សនា លើ «សេចក្ដីព្រាងផែនការយុទ្ធសាស្រ្តគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា» នៅសាលប្រជុំសាលាខេត្តកែប នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
លោកឧបនាយករដ្ឋមន្រ្តីបានបន្ថែមថា ក្នុងកាលៈទេសៈពេលនេះ ជាឱកាសសាកសមបំផុតក្នុងការអភិវឌ្ឍន៍ច្រករបៀងសេដ្ឋកិច្ចស្រុកទេសរបស់យើងនៅតាមបណ្តាខេត្តជាប់មាត់សមុទ្រ ច្រករបៀងសេដ្ឋកិច្ចថ្មីនឺងមានចាប់ពីច្រកចាំយាមខេត្តកោះកុង តភ្ចាប់មកកាន់ច្រកព្រែកចាក ខេត្តកំពត។ ខេត្តកែប កំពុងជំរុញការបើកផ្លូវចូលទៅកាន់តំបន់ឆ្នេរ មានឆ្នេរអង្កោលជាដើម ក្នុងនោះឆ្នេរតេជោសន្តិភាពកែប ក៏កំពុងដំណើការទៅមុខហើយដែរ។
លោកឧបនាយករដ្ឋមន្ត្រី បន្ថែមថា ខេត្តតាមបណ្តោយមាត់សមុទ្ររបស់យើង មានសក្តានុពលផ្សេងៗគ្នា ក្នុងនោះ សម្រាប់ខេត្តកែប និងកំពត ជំហានបន្ត គឺយើងគិតគូរលើការចិញ្ជឹម ភោគផលសមុទ្រ សម្រាប់ផ្គត់ផ្គង់តម្រូវការ និងបន្ថែមប្រាក់ចំណូលជូនប្រជាជនតាមតំបន់ឆ្នេរ៕










