ការប្រមូលទិញល្បាយជីសម្រាប់ប្រើប្រាស់ក្នុងដំណើរការគម្រោងសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង បានចំណាយថវិកាសរុបប្រមាណជាង ២ម៉ឺនដុល្លារអាមេរិក ដើម្បីគាំទ្រដល់ផលិតកម្មដាំដុះម្ទេសលើផ្ទៃដីប្រមាណ ៣០ ហិកតារបស់បងប្អូនអតីតយុទ្ធជនឱ្យទទួលបានទិន្នផលល្អ និងមានគុណភាពខ្ពស់។ នេះបើតាមការបញ្ជាក់ពីលោក វ៉ាង ចាន់ធី អ្នកសម្របសម្រួលក្នុងសហគមន៍ បានប្រាប់ក្រុមការងារព័ត៌មានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា កាលពីពេលថ្មីៗកន្លងទៅ។
លោក វ៉ាង ចាន់ធី អ្នកសម្របសម្រួលក្នុងសហគមន៍ បានគូសបញ្ជាក់ទៀតថា ជីសម្រាប់ប្រើប្រាស់នៅដំណាក់កាលទី១នៃការដាំដុះម្ទេសនេះ មានជីទឹកធម្មជាតិ ជីទ្រាប់បាត និងការលាយជីកំប៉ុសដែលមានសារធាតុផ្សំដូចជា លាមកគោ, កំបោរកសិកម្ម និងធ្យូងអង្កាម ដើម្បីត្រៀមដាក់នៅតាមរងដំណាំបងប្អូនអតីតយុទ្ធជនជាសមាជិកសហគមន៍។
គួរជម្រាបជូនដែរថា ការប្រមូលទិញជីសម្រាប់ប្រើប្រាស់លើដំណាំម្ទេសនេះ គឺជាថវិកាចំណាយរបស់សមាជិកសហគមន៍ផ្ទាល់ ដែលមានការសម្របសម្រួលដើររកទិញធាតុផ្សំផ្សេងៗ និងជួយផ្គត់ផ្គង់ដោយក្រុមហ៊ុនគិរីទេស។
ជាមួយគ្នានោះដែរ លោក វ៉ាង ចាន់ធី ក៏បានឱ្យដឹងបន្ថែមថា នៅក្នុងសហគមន៍ម្ទេសដំណាក់ទ្រយឹងនេះ ក៏មានឃ្លាំងចំនួន២ ដែលបានសាងសង់ដោយថវិការបស់គម្រោងពិពិធកម្មកសិកម្មកម្ពុជា និងកម្ចីរបស់សហគមន៍ពីធនាគារដៃគូរ សរុបចំនួន២៤៩០០ ដុល្លារអាមេរិក ដើម្បីត្រៀមសម្រាប់ទុកដាក់ជី និងថ្នាំកម្ចាត់សត្វល្អិត ព្រមទាំងកសិផលនានា ដែលបង្កលក្ខណៈងាយស្រួលក្នុងការរក្សាទុក និងផលិតកម្មដាំដុះម្ទេសរបស់បងប្អូនអតីតយុទ្ធជនកាន់តែប្រសើរឡើង៕ដោយ៖តារា










