ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានឱ្យដឹងថា យោងតាមបទបញ្ជាលេខ ០២បប. ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពី ការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ក្រសួងទេសចរណ៍សូមធ្វើការណែនាំដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃក្រសួងទេសចរណ៍ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងម្ចាស់ ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍នៅក្នុងព្រះរាជាណាចក្រ កម្ពុជា ដូចខាងក្រោម៖
១- មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃក្រសួងទេសចរណ៍ និងម្ចាស់ ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍មិនត្រូវនាំចូល ចែកចាយ លក់ ផ្សាយពាណិជ្ជកម្ម ប្រើប្រាស់ កាន់កាប់ ផលិត ឬស្តុកទុក ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សាឡើយ។
២- មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃក្រសួងទេសចរណ៍ ដែលនាំចូល ចែកចាយ លក់ ផ្សព្វផ្សាយ ពាណិជ្ជកម្ម ប្រើប្រាស់ និង/ឬកាន់កាប់ ផលិត ឬស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សាគ្រប់ប្រភេទនឹងត្រូវទទួលការព្រមានដោយផ្ទាល់មាត់ ព្រមទាំងដកហូតឧបករណ៍អេឡិចត្រូនិកនិង សារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។ ករណីមិនរាងចាលនឹងត្រូវព្រមានជាលាយលក្ខណ៍អក្សរ ធ្វើកិច្ចសន្យា ឈប់ប្រើប្រាស់ និងទទួលទណ្ឌកម្មរដ្ឋបាល។
៣- មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ដែលចែកចាយ លក់ ស្តុកទុក ផ្សព្វផ្សាយពាណិជ្ជកម្ម ផលិត
និង/ឬនាំចូលឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា តាមមធ្យោបាយណាក៏ដោយ ត្រូវ
ទទួលការព្រមានជាលក្ខណ៍អក្សរ ដកហូត ឬព្យួរអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្មសេវាកម្មទេសចរណ៍។
ទទួលបានសេចក្តីណែនាំនេះ ខុទ្ទកាល័យ គ្រប់អគ្គនាយកដ្ឋាន វិទ្យាស្ថានជាតិទេសចរណ៍ អគ្គាធិការដ្ឋាន សាលាវិជ្ជាជីវៈទេសចរណ៍ គ្រប់នាយកដ្ឋាន មន្ទីរទេសចរណ៍រាជធានីខេត្ត និងបណ្តាអង្គភាពចំណុះក្រសួង ទេសចរណ៍ ព្រមទាំងមូលដ្ឋានអាជីវកម្ម និងសេវាកម្មទេសចរណ៍ ត្រូវចាត់ចែងផ្សព្វផ្សាយ និងអនុវត្តសេចក្តី ណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕ដោយ៖សិលា










