ភ្នំពេញ ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឱ្យដឹងថា លោក István Zelnik ជាជនជាតិហុងគ្រី ដែលជាអ្នកកាន់កាប់សមុច្ច័យឯកជនមួយរូប បានស្ម័គ្រចិត្តប្រគល់វត្ថុបុរាណខ្មែរសំខាន់ៗមកឱ្យកម្ពុជាវិញ ដូចជាវាយនភណ្ឌសូត្រខ្មែរចំនួន១៨៣ផ្ទាំង ដែលជាគំរូសូត្រខ្មែរដ៏ល្អពិចិត្រមួយ សម្រាប់សមុច្ច័យវាយនភណ្ឌរបស់សារមន្ទីរជាតិកម្ពុជា និងវត្ថុសម័យបុរេប្រវត្តិសាស្ត្រ ដូចជា៖ កាក់ អង្កាំ គ្រឿងអលង្ការ និងវត្ថុប្រើប្រាស់ធ្វើពីលោហៈធាតុមានតម្លៃ សំរិទ្ធ ថ្ម និងដីដុត សមុច្ច័យសំខាន់ៗមួយចំនួនទៀតដូចជា វត្ថុធ្វើពីថ្ម និងសំរិទ្ធ ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ដែលភាគច្រើនត្រូវបានលួចនាំចេញពីកម្ពុជា ក្នុងអំឡុងសម័យសង្គ្រាមស៊ីវិលច្រើនទសវត្សរ៍កន្លងទៅ។
តាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទម្រាំឈានដល់កិច្ចព្រមព្រៀងប្រគល់មកវិញនាពេលនេះ គឺក្រសួងបាន ចរចាជាច្រើនឆ្នាំ និងខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ក្នុងការស្វែងរក និងទាមទារសម្បត្តិវប្បធម៌ខ្មែរដែលបាន បាត់បង់ត្រឡប់មកកម្ពុជាវិញ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា លោក István Zelnik ជាជនជាតិហុងគ្រី និងជាអ្នកកាន់កាប់សមុច្ច័យឯកជនមួយរូប ដែលបានប្រមូលវត្ថុសិល្បៈ នៅក្នុងតំបន់អាស៊ី រួមទាំងវត្ថុសិល្បៈខ្មែរផងដែរអស់រយៈពេលជាច្រើនទសវត្សរ៍។ លោកបានបង្កើតវិទ្យាស្ថានអាស៊ីអាគ្នេយ៍ ហុងគ្រី (Hungarian Southeast Asian Institute) នៅដើមទសវត្សរ៍ឆ្នាំ២០០០។ ក្រោមក្របខណ្ឌនៃវិទ្យាស្ថាននេះ ការស្រាវជ្រាវវិទ្យាសាស្ត្រសំខាន់ៗត្រូវបានអនុវត្តនៅតំបន់អង្គរ និងកោះកេរ ដោយមានការឧបត្ថម្ភថវិកាពីលោក Zelnik រួមទាំងការធ្វើអង្កេតបុរាណវិទ្យា ការស្រាវជ្រាវដោយបច្ចេកវិទ្យា (LiDAR) និងការសិក្សាប្រវត្តិសាស្ត្រ។ កិច្ចខិតខំប្រឹងប្រែង ទាំងនេះបានរួមចំណែកផងដែរដល់ការរៀបចំឯកសារដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អរគុណ និងចាត់ទុកការស្ម័គ្រចិត្តរបស់លោក Zelnik បច្ចុប្បន្នមានវ័យជាង៧០ឆ្នាំ ដែលបានប្រគល់រតនវត្ថុសិល្បៈមកកាន់កម្ពុជាវិញ ថាជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ហើយកន្លងមក លោកក៏ធ្លាប់បានប្រគល់វត្ថុសិល្បៈខ្មែរមួយចំនួនជូនមកកម្ពុជាវិញ និងបានចូលរួមវិភាគទាន ដ៏សំខាន់ក្នុងគម្រោងស្រាវជ្រាវបុរាណវិទ្យា និងការបោះពុម្ពស្នាដៃស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើនផងដែរពាក់ព័ន្ធនឹង បេតិកភណ្ឌវប្បធម៌ សិលាចារឹក និងសិល្បៈខ្មែរសម័យទំនើប។
បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គូសបញ្ជាក់ថា ដោយសារតែបច្ចុប្បន្នកម្ពុជាមានសន្តិភាព និងស្ថិរភាពនយោបាយទើបផ្តល់ឱកាសឱ្យកម្ពុជាអាចនាំយកមកវិញនូវព្រលឹងដូនតាខ្មែរ និងរតនសម្បត្តិដ៏មានតម្លៃនានា ដែលបានរសាត់ចាកឆ្ងាយពីមាតុភូមិកំណើតអស់ជាច្រើនឆ្នាំក្នុងអំឡុងនៃសង្គ្រាមច្រើនទសវត្សរ៍កន្លងទៅនេះ។
ក្រសួងវប្បធម៌ វាយតម្លៃថា៖«ការប្រគល់វត្ថុបុរាណខ្មែរជូនមកកម្ពុជាវិញដោយស្ម័គ្រចិត្តនេះ គឺជាកាយវិការមួយដែលគួរទុកជាគំរូ។ ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ សូមអំពាវនាវ និងលើកទឹកចិត្តដល់គ្រប់អ្នកកាន់កាប់សមុច្ច័យឯកជន ក៏ដូចជាស្ថាប័ននានាលើ សាកលលោក ដែលកំពុងរក្សាទុកវត្ថុបុរាណរបស់កម្ពុជា សូមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឬតាមរយៈស្ថានទូតកម្ពុជាប្រចាំការក្នុងប្រទេសនីមួយៗ ក្នុងការសម្របសម្រួលប្រគល់សម្បត្តិវប្បធម៌ខ្មែរ ត្រឡប់មកកម្ពុជាវិញ។ »។
«រាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាយវិការប្រកបដោយសុឆន្ទៈនេះ។ ការប្រគល់ សម្បត្តិវប្បធម៌ខ្មែរជូនមកកម្ពុជាវិញដែលជាម្ចាស់ដើម គឺជាកាយវិការដ៏ថ្លៃថ្លាគួរឱ្យគោរព ដែលមិនត្រឹមតែបង្ហាញពី ក្រមសីលធម៌ ក្នុងការចូលរួមលើកតម្លៃដល់វប្បធម៌នៃជាតិសាសន៍មួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែក ដ៏ឧត្តុង្គឧត្តម ក្នុងការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិផងដែរ។»។ នេះជាការបន្ថែមរបស់ក្រសួងវប្បធម៌។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា បានស្វាគមន៍ចំពោះមាតុភូមិនិវត្តន៍នៃរតនវត្ថុសិល្បៈខ្មែរ។ សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ថារតនវត្ថុសិល្បៈខ្មែរដ៏មានតម្លៃទាំងនេះ គឺសុទ្ធសឹងជាកេរតំណែលពីបុព្វបុរសខ្មែរសម្រាប់កូនចៅជំនាន់ក្រោយ ដោយប្រៀបបាននឹងការវិលត្រឡប់នូវព្រលឹងដូនតាខ្មែរ។
គិត ចាប់ ពី ឆ្នាំ ១៩៩៦ រហូត ដល់ ខែ កក្កដា ឆ្នាំ ២០២៤ វត្ថុ សិល្បៈ ខ្មែរ សរុប ចំនួន ១០៩៨ ដែល ក្នុង នោះ ៥៧១ ប្រគល់ ដោយ សប្បុរជន និង ៥២៧ ប្រគល់ ដោយ រដ្ឋាភិបាល ឬ ស្ថាប័ន នានា ត្រូវ បាន ប្រគល់ មក កម្ពុជា វិញ ពី ប្រទេស ចំនួន ១៥ ដូច ជា សហ រដ្ឋ អាមេរិក បារាំង អូស្ត្រាលី អង់គ្លេស ថៃ ជប៉ុន ឥណ្ឌូនេស៊ី ហូឡង់ ស្វ៊ីស កាណាដា ដាណឺម៉ាក អាល្លឺម៉ង់ ហុងគ្រី ណ័រវេស និង ចិន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានថ្លែងក្នុងពិធីទទួលវត្ថុបុរាណរបស់កម្ពុជា ដែលទទួលបានពីសហរដ្ឋអាមេរិករៀបចំក្នុងខែសីហាឆ្នាំ២០២៤ថា បើកម្ពុជាគ្មានសង្គ្រាម ក្រុមជនទុច្ចរិតមិនអាចលួចយកសម្បត្តិវប្បធម៌ដូនតាខ្មែរទៅលក់ឱ្យបរទេស ហើយព្រលឹងដូនតាខ្មែរក៏មិនត្រូវឃ្លាតឆ្ងាយពីប្រទេសកំណើតឡើយ៕ដោយ៖តារា










