ប្រទេសថៃ៖ យោងតាមរបាយបាករណ៍ពី straitstimes ដែលដកស្រង់នៅក្នុងការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ថ្មីៗនេះ ប្រធានទីភ្នាក់ងារប្រឆាំងអំពើពុករលួយថៃ (ACT) លោកវេជ្ជបណ្ឌិត Mana Nimitmongkol ទើបតែបានចេញការព្រមានដ៏ធ្ងន់ធ្ងរមួយថា ប្រទេសថៃបានបរាជ័យក្នុងបង្ក្រាបបណ្តាញបោកប្រាស់ ល្បែងស៊ីសងតាមអ៊ីនធឺណិត និងការលាងលុយកខ្វក់។ មូលហេតុចម្បងគឺថា ឥស្សរជនដ៏មានអំណាចក្នុងប្រទេស កំពុងសូកប៉ាន់ និងផ្តល់ការការពារដល់ក្រុមឧក្រិដ្ឋជនទាំងនោះ។
របាយការណ៍ដដែល បាននិយាយបន្ថែមថា លោកប្រធានទីភ្នាក់ងារប្រឆាំងអំពើពុករលួយថៃ បានចង្អុលបង្ហាញពីកម្លាំងងងឹត និងទំនាក់ទំនងនៅពីក្រោយបណ្តាញទាំងនេះ ដែលធ្វើឲ្យអាជ្ញាធរចាប់បានតែអ្នកប្រព្រឹត្តិអំពើតូចតាចប៉ុណ្ណោះ ខណៈដែលអ្នករៀបចំផែនការពិតប្រាកដគឺមិនអាចប៉ះបាន។
បន្ថែមពីនេះ លោក Mana ក៏បានលើកឡើងពីរឿងអាស្រូវកាន់តែច្រើនឡើងៗ ដែលពាក់ព័ន្ធនឹងរដ្ឋមន្ត្រី សមាជិកសភា អតីតប្រធាននគរបាលជាតិ និងមន្ត្រីនគរបាលជាង ២០០នាក់ ដែលជាប់ពាក់ព័ន្ធនឹងល្បែងស៊ីសងតាមអ៊ីនធឺណិត ការជួញដូរគ្រឿងញៀន អាជីវកម្មលួចលាក់ អំពើពុករលួយ និងសកម្មភាពអាជីវកម្មក្រោមដី។
ករណីគួរឲ្យកត់សម្គាល់ដែលបានរៀបរាប់រួមមាន៖ ក្រុមឧក្រិដ្ឋជន Tu Hao ក្រុមទិដ្ឋាការខុសច្បាប់ដែលបាននាំជនជាតិចិនចំនួន ៧ពាន់នាក់មកប្រទេសថៃ និងបណ្តាញល្បែងស៊ីសងទ្រង់ទ្រាយធំ។ ជាពិសេស លោកក៏បានគូសបញ្ជាក់ពីករណីដែលពាក់ព័ន្ធនឹងប៉ូលិសជាន់ខ្ពស់ដែលជាប់ពាក់ព័ន្ធនឹងការរត់ពន្ធប្រេង ក៏ដូចជាការចោទប្រកាន់អតីតសមាជិកព្រឹទ្ធសភាម្នាក់ពីបទឧក្រិដ្ឋកម្មឆ្លងដែន និងអាជីវកម្មខុសច្បាប់តាមព្រំដែននៅប្រទេសមីយ៉ាន់ម៉ា។
យោងតាមការប៉ាន់ស្មាន ប្រទេសថៃចំណាយប្រាក់ជាង ១០០ ពាន់លានបាត (ជិត២.៩ ពាន់លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំលើបណ្តាញក្លែងបន្លំ។ ទោះជាយ៉ាងណាក៏ដោយ លោកនិយាយថា ប្រទេសនេះនៅតែពឹងផ្អែកលើច្បាប់ហួសសម័យស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្មកុំព្យូទ័រ ដែលធ្វើឲ្យពិបាកក្នុងការតាមដានលំហូរសាច់ប្រាក់ទៅកាន់ឥស្សរជនមានឥទ្ធិពល និងមន្ត្រីរដ្ឋដែលផ្តល់ការការពារ។
លោក Mana បានរិះគន់ជាពិសេសចំពោះចន្លោះប្រហោងដ៏សាហាវ ដែលបានលេចឡើងនៅឆ្នាំ ២០២០ នៅពេលដែលការិយាល័យប្រឆាំងការលាងលុយកខ្វក់ (AMLO) បានធ្វើវិសោធនកម្មបទប្បញ្ញត្តិ ដោយលុបបំបាត់កាតព្វកិច្ចរបស់ធនាគារក្នុងការរាយការណ៍ពីប្រតិបត្តិការគួរឲ្យសង្ស័យ។ ទោះបីជាការពិតដែលថាធនាគារគឺជាបណ្តាញផ្ទេរប្រាក់សំខាន់សម្រាប់ក្រុមឧក្រិដ្ឋជនក៏ដោយ។
ជាមួយគ្នានោះ លោកប្រធានទីភ្នាក់ងារប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ទៀតថា ប្រទេសថៃមានច្បាប់ប្រឆាំងការលាងលុយកខ្វក់ដ៏មានឥទ្ធិពលចាប់តាំងពីឆ្នាំ ២០១៣ ដែលអនុញ្ញាតឲ្យការិយាល័យប្រឆាំងការលាងលុយកខ្វក់ (AMLO) ពិនិត្យមើលឥរិយាបថហិរញ្ញវត្ថុរបស់អ្នកដែលប៉ះពាល់ដល់នយោបាយ (PEPs) រួមទាំងអ្នកនយោបាយជាតិ និងមូលដ្ឋាន មន្ត្រីជាន់ខ្ពស់រដ្ឋ ចៅក្រម ភ្នាក់ងារឯករាជ្យ មន្ត្រីយោធា និងប៉ូលិស ទាំងថៃ និងបរទេស។ ប៉ុន្តែប្រព័ន្ធនេះមិនត្រូវបានអនុវត្តឲ្យមានប្រសិទ្ធភាពទេ៕ដោយ៖តារា
លោក Mana Nimitmongkol ប្រធានទីភ្នាក់ងារប្រឆាំងអំពើពុករលួយថៃ (រូបភាព៖Nation)










