សហជីព ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​ស្ត្រី​ខ្មែរ​ដែល​​ត្រូវ​ទាហានថៃចាប់រំលោភ​ បានដាក់ញត្តិទៅកាន់បណ្ដាស្ថានទូតមួយចំនួន​នៅ​កម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ សហភាពពលកម្មជាតិកម្ពុជា (NLC) ដែលមានសមាជិក សមាជិកា​សរុបចំនួនជាង ៧ម៉ឺននាក់ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ​២០២៥នេះ​ បានដាក់​ញត្តិ​ទៅ​កាន់​បណ្ដា​ស្ថាន​ទូត​មួយ​ចំនួន​ប្រចាំ​នៅ​កម្ពុជា​ ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ករណី​កង​ទ័ព​ឈុត​ខ្មៅ​ថៃ​ចាប់​រំលោភ​មក​លើ​ពលករ​ស្ត្រី​កម្ពុជា​យ៉ាង​សាហា​វ​ព្រៃផ្សៃជាទីបំផុត។

ប្រធានសហភាពពលកម្មជាតិកម្ពុជា លោក សំ សឿន បានឱ្យដឹងថា ក្នុង​នាម​សហជីព​តំណាង​ឱ្យកម្មករនិយោជិតនៅកម្ពុជា ពិតជាមិនទទួលយកបានទេនូវទង្វើដ៏អាក្រក់បំផុត សាហាវ​ព្រៃផ្សៃ ឃោរឃៅ អមនុស្សធម៌ រំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់ទាហានឈុតខ្មៅថៃ ដែល​បាន​វាយធ្វើបាបពលករ និងរំលោភស្ត្រីជាពលករកម្ពុជាធ្វើការនៅប្រទេសថៃ។

លោក​ សំ សឿន​ បានបន្តថា ការដាក់ញត្តិថ្កោលទោសទាហានឈុតខ្មៅថៃ និងសុំកិច្ចអន្តរាគមន៍ថ្ងៃនេះ នឹង​ដាក់​ទៅ​បណ្ដា​ស្ថាន​ទូតមួយចំនួនប្រចាំកម្ពុជា មានដូចជា៖ ស្ថានទូតសហរដ្ឋអាម៉េរិក បារាំង រុស្ស៉ី សហភាពអឺរ៉ុប ចិន និងអង្គការមួយចំនួនថែមទៀត ដូចជាអង្គការអន្តរជាតិខាងការងារ (ILO) អង្គការ​អន្តរជាតិទេសន្តរប្រវេសន៍ (IOM) ការិយាល័យ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិទ​ទួល​ប​ន្ទុកសិទ្ធិមនុស្ស (OHCHR) ភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និង​បង្កើន​ភាព​អង់អាចស្ត្រី (UN Women) និងអង្គការអន្តរជាតិពាក់ព័ន្ធផ្សេងទៀត។

ទាក់ទងទៅនឹងទង្វើដ៏សាហាវព្រៃផ្សៃរបស់ទាហានឈុតខ្មៅថៃ ដែល​រំលោភ​បំពាន​ទៅ​លើ​ស្ត្រីជា​ពលករ​កម្ពុជា​នេះលោកប្រធានសហភាពពលកម្មជាតិកម្ពុជា បានស្នើទៅ​ដល់​រាជ​រដ្ឋាភិបាល​ប្រទេស​ថៃ ​សូមមានវិធានការស៊ើបអង្កេត និងវែកមុខជនអក្រិតជនទាំងនោះ ដើម្បីផ្តន្ទា​ទោស​តាម​ច្បាប់​។ លោកបន្ថែមទៀតថា ប្រសិនបើរាជរដ្ឋាភិបាលថៃមិនប្រញាប់ប្រញាល់ ស្រាវ​ជ្រាវ​រក​ជន​ល្មើស​មក​ផ្តន្ទាទោសដើម្បីផ្តល់យុត្តិធម៌ដល់ក្មេងស្រីជាជនរងគ្រោះនោះទេ គឺហាក់បី​ដូច​ជា​ប្រទេស​ថៃ ​ជាប្រទេសគ្មានច្បាប់ទម្លាប់ ហើយក៏ជាប្រទេសការពារឧក្រឹតជនផងដែរ។

សហភាពពលកម្មជាតិកម្ពុជា (NLC) មានសហព័ន្ធសហជីព និងអង្គការ-សមាគមសរុបចំនួន ១៧ និងសហជីពមូលដ្ឋានមានចំនួន១៧៨ ដែលមានសមាជិកសរុបជាង ៧ម៉ឺននាក់ មក​ពី​គ្រប់​វិស័យ។

...

សូមជម្រាបថា ពាក់ព័ន្ធករណីខាងលើនេះដែរ ប្រជាជនកម្ពុជាទាំងមូល ក៏បាន​បង្ហាញ​អារម្មណ៍​ក្តុក​ក្តួល ​និង​ធ្វើការថ្កោលទោសយ៉ាងដាច់អហង្កាចំពោះទង្វើអមនុស្សធម៌ ដែលក្រុម​ទាហាន​ឈុត​ខ្មៅ​បាន​ធ្វើ​មកលើក្រុមពលករទេសន្តប្រវេសន៍ខ្មែរចំនួន ១៣នាក់ ដោយបាន​ប្រើ​អំពើ​ហិង្សា​យ៉ាង​សាហាវ​យ៉ង់​ឃ្នង​ក្នុង​រូបភាពជាការវាយដំ ទាត់ធាក់ អុកស្វាយកាំភ្លើង ជំរិតទារប្រាក់ និង​អំពើ​ថោក​ទាប​ជា​ករណី​រំលោភសពសន្ថវៈដោយទាហានឈុតខ្មៅថៃចំនួន ៧នាក់ ទៅលើពលករខ្មែរជាស្រ្តី ១​នាក់ ដែលករណីនេះបានកើតឡើងនៅក្នុងខេត្ដចាន់បុរី នៃប្រទេសថៃ ជាប់​ព្រំ​ប្រទល់​ស្រុក​កំរៀង ​ខេត្ត​បាត់ដំបង នៃប្រទេសកម្ពុជា នៅពេលដែលពលករខ្មែរបានធ្វើដំណើរ ចេញ​ពី​ប្រទេស​ថៃ​ត្រឡប់​មក​ប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈ​​ដែល​ច្រក​ព្រំដែន​គោក​កម្ពុជា​-ថៃ​ ត្រូវបានបិទដោយឯកតោភាគីពីភាគីថៃ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print