ភ្នំពេញ៖ សហភាពពលកម្មជាតិកម្ពុជា (NLC) ដែលមានសមាជិក សមាជិកាសរុបចំនួនជាង ៧ម៉ឺននាក់ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានដាក់ញត្តិទៅកាន់បណ្ដាស្ថានទូតមួយចំនួនប្រចាំនៅកម្ពុជា ដើម្បីឱ្យជួយអន្តរាគមន៍ករណីកងទ័ពឈុតខ្មៅថៃចាប់រំលោភមកលើពលករស្ត្រីកម្ពុជាយ៉ាងសាហាវព្រៃផ្សៃជាទីបំផុត។
ប្រធានសហភាពពលកម្មជាតិកម្ពុជា លោក សំ សឿន បានឱ្យដឹងថា ក្នុងនាមសហជីពតំណាងឱ្យកម្មករនិយោជិតនៅកម្ពុជា ពិតជាមិនទទួលយកបានទេនូវទង្វើដ៏អាក្រក់បំផុត សាហាវព្រៃផ្សៃ ឃោរឃៅ អមនុស្សធម៌ រំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់ទាហានឈុតខ្មៅថៃ ដែលបានវាយធ្វើបាបពលករ និងរំលោភស្ត្រីជាពលករកម្ពុជាធ្វើការនៅប្រទេសថៃ។
លោក សំ សឿន បានបន្តថា ការដាក់ញត្តិថ្កោលទោសទាហានឈុតខ្មៅថៃ និងសុំកិច្ចអន្តរាគមន៍ថ្ងៃនេះ នឹងដាក់ទៅបណ្ដាស្ថានទូតមួយចំនួនប្រចាំកម្ពុជា មានដូចជា៖ ស្ថានទូតសហរដ្ឋអាម៉េរិក បារាំង រុស្ស៉ី សហភាពអឺរ៉ុប ចិន និងអង្គការមួយចំនួនថែមទៀត ដូចជាអង្គការអន្តរជាតិខាងការងារ (ILO) អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចស្ត្រី (UN Women) និងអង្គការអន្តរជាតិពាក់ព័ន្ធផ្សេងទៀត។
ទាក់ទងទៅនឹងទង្វើដ៏សាហាវព្រៃផ្សៃរបស់ទាហានឈុតខ្មៅថៃ ដែលរំលោភបំពានទៅលើស្ត្រីជាពលករកម្ពុជានេះលោកប្រធានសហភាពពលកម្មជាតិកម្ពុជា បានស្នើទៅដល់រាជរដ្ឋាភិបាលប្រទេសថៃ សូមមានវិធានការស៊ើបអង្កេត និងវែកមុខជនអក្រិតជនទាំងនោះ ដើម្បីផ្តន្ទាទោសតាមច្បាប់។ លោកបន្ថែមទៀតថា ប្រសិនបើរាជរដ្ឋាភិបាលថៃមិនប្រញាប់ប្រញាល់ ស្រាវជ្រាវរកជនល្មើសមកផ្តន្ទាទោសដើម្បីផ្តល់យុត្តិធម៌ដល់ក្មេងស្រីជាជនរងគ្រោះនោះទេ គឺហាក់បីដូចជាប្រទេសថៃ ជាប្រទេសគ្មានច្បាប់ទម្លាប់ ហើយក៏ជាប្រទេសការពារឧក្រឹតជនផងដែរ។
សហភាពពលកម្មជាតិកម្ពុជា (NLC) មានសហព័ន្ធសហជីព និងអង្គការ-សមាគមសរុបចំនួន ១៧ និងសហជីពមូលដ្ឋានមានចំនួន១៧៨ ដែលមានសមាជិកសរុបជាង ៧ម៉ឺននាក់ មកពីគ្រប់វិស័យ។
សូមជម្រាបថា ពាក់ព័ន្ធករណីខាងលើនេះដែរ ប្រជាជនកម្ពុជាទាំងមូល ក៏បានបង្ហាញអារម្មណ៍ក្តុកក្តួល និងធ្វើការថ្កោលទោសយ៉ាងដាច់អហង្កាចំពោះទង្វើអមនុស្សធម៌ ដែលក្រុមទាហានឈុតខ្មៅបានធ្វើមកលើក្រុមពលករទេសន្តប្រវេសន៍ខ្មែរចំនួន ១៣នាក់ ដោយបានប្រើអំពើហិង្សាយ៉ាងសាហាវយ៉ង់ឃ្នងក្នុងរូបភាពជាការវាយដំ ទាត់ធាក់ អុកស្វាយកាំភ្លើង ជំរិតទារប្រាក់ និងអំពើថោកទាបជាករណីរំលោភសពសន្ថវៈដោយទាហានឈុតខ្មៅថៃចំនួន ៧នាក់ ទៅលើពលករខ្មែរជាស្រ្តី ១នាក់ ដែលករណីនេះបានកើតឡើងនៅក្នុងខេត្ដចាន់បុរី នៃប្រទេសថៃ ជាប់ព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបង នៃប្រទេសកម្ពុជា នៅពេលដែលពលករខ្មែរបានធ្វើដំណើរ ចេញពីប្រទេសថៃត្រឡប់មកប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈដែលច្រកព្រំដែនគោកកម្ពុជា-ថៃ ត្រូវបានបិទដោយឯកតោភាគីពីភាគីថៃ៕ដោយ៖តារា










