ប្រទេសចិន៖ ថ្លែងនៅក្នុងកិច្ចសន្ទនាតាមប្រធានបទកម្រិតខ្ពស់ស្តីពីនវានុវត្តន៍បច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថលដែលដំណើរការដោយ AI លោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជាប្រធានគណៈរដ្ឋមន្ត្រីនៅក្រសួងព័ត៌មាន បានគូសបញ្ជាក់ពីអាទិភាពរបស់កម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការឌីជីថលក្នុងតំបន់។ លោកបានមានប្រសាសន៍ថា ការរីកចម្រើនក្នុងបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិតកំពុងបង្កើតឱកាសថ្មីៗសម្រាប់វិបុលភាព ការតភ្ជាប់ និងសេវាសាធារណៈដែលប្រសើរឡើងនៅទូទាំងតំបន់ ហើយកម្ពុជាជំរុញផែនការរួមបញ្ចូលសម្រាប់សមាហរណកម្មឌីជីថល។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមក្នុងកម្មវិធីសប្តាហ៍អាស៊ាន-ចិន ឆ្នាំ២០២៥ កាលពីថ្ងៃច័ន្ទនៅទីក្រុងហ្វូចូវ ខេត្តហ្វូជានព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងក្រោមប្រធានបទ “អនាគតរួមរបស់យើង៖ ការតភ្ជាប់អាស៊ានឆ្នាំ២០៤៥ និងទំនើបកម្មចិន។
បើតាមការបញ្ជាក់របស់លោក ប្រាក់ ថាវអមិដា ចក្ខុវិស័យរបស់កម្ពុជា គឺជាសេដ្ឋកិច្ចឌីជីថលដ៏ស្វាហាប់ គួរឱ្យទុកចិត្ត និងរួមបញ្ចូល ដែលយុវជន ស្ត្រី និងសហគ្រាសធុនតូច និងមធ្យមរបស់យើងអាចចូលរួមបានកាន់តែពេញលេញនៅក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់ និងសកល។ លោកបានគូសបញ្ជាក់ពីការគាំទ្ររបស់កម្ពុជាចំពោះគំរូនៃការធ្វើសមាហរណកម្មថ្មីដែលអនុញ្ញាតឱ្យប្រទេសនានាដើម្បីទទួលយកស្តង់ដារកម្រិត មធ្យម ឬកម្រិតខ្ពស់នៅទូទាំងពាណិជ្ជកម្មឌីជីថល ការគ្រប់គ្រងទិន្នន័យ និងបញ្ញាសិប្បនិម្មិត។
សម្រាប់លោកផ្ទាល់ កម្ពុជាមានគម្រោងអភិវឌ្ឍច្រករបៀងពាណិជ្ជកម្មឌីជីថលតាមលំនាំដើមដូចជាហត្ថលេខាអេឡិចត្រូនិក វិក្កយបត្រអេឡិចត្រូនិក ក៏ដូចជាការជំរុញបញ្ញាសិប្បនិម្មិតដែលផ្តោតលើប្រជាជនក្នុងវិស័យទេសចរណ៍ កសិកម្ម និងភស្តុភារ។ បន្ថែមពីនេះលោកក៏បានលើកទឹកចិត្តដៃគូអាស៊ាន និងចិនឱ្យសហការគ្នាលើការផ្តល់ហិរញ្ញប្បទានរួមគ្នា និងការអនុវត្តរួមគ្នានៃគំនិតផ្តួចផ្តើមឌីជីថល ទម្រង់អន្តរប្រតិបត្តិការបើកចំហនិងប្រព័ន្ធអេកូឡូស៊ីជាដើម៕ដោយ៖ស តារា










