ខេត្តបាត់ដំបង ៖ អគ្គិភ័យដែលគេសង្ស័យជំហានដំបូង ដែលអាចបង្កឡើងដោយការធ្វេសប្រហែសរបស់ក្រុមជាងផ្សារដែកជួសជុសម៉ាស៊ីនត្រជាក់បានលេបយកអស់ទាំងស្រុងគ្រឿងក្នុងនៃក្លិបរាត្រីមួយ កាលពីវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី២១ វិច្ឆិកា ស្ថិតត្រង់ចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង តែពុំមានគ្រោះថ្នាក់ដល់បុគ្គលិកទេ ។
របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ក្លិបរាត្រីនោះមានយីហោ «B,A,T» មានទំហំ២០ម៉x២០ម៉ ដែលមានថៅ កែឈ្មោះឈៀ សុផល ភេទប្រុស អាយុ៣៣ឆ្នាំ ។ របាយការណ៍ដដែលបញ្ជាក់ថា អគ្គិភ័យបានឆេះអស់ ទាំងស្រុងនូវសម្ភារៈផ្សេងៗ និង ឧបករណ៍នានាដែលមាននៅក្នុងក្លិប តែមិនបង្កគ្រោះថ្នាក់ដល់បុគ្គលិកបំរើការទេ ។ ប៉ុន្តែមន្ត្រីជំនាញដែលធ្វើរបាយការណ៍មិនបានបញ្ជាក់ពីមូលហេតុដែលបង្កឲ្យមានអគ្គិភ័យនេះកើត ឡើងទេ គ្រាន់តែប្រាប់ថា «គេកំពុងធ្វើការស្រាវជ្រាវ» ។
រីឯសាក្សីនានា ដាក់សង្ស័យជំហានដំបូងថា «អគ្គិភ័យនេះអាចបណ្ដាលមកពីកម្ទេចផ្កាភ្លើងផ្សារដែករបស់ក្រុមជាងដែលជួសជុលម៉ាស៊ីនត្រជាក់នៅក្នុងក្លិប» ។ ប្រភពនៅកន្លែងកើតហេតុបាននិយាយថា នៅព្រឹកកើតហេតុ មានជាងចូលធ្វើម៉ាស៊ីនត្រជាក់ ហើយបានផ្សារដែកនៅកន្លែងបំពាក់ម៉ាស៊ីនត្រជាក់ទៀតផង ។ ដូច្នេះ អគ្គិភ័យនោះអាចផ្ដើមចេញពីកម្ទេចផ្លើងផ្សារដែក ឬធ្វើឲ្យទុស្សេខ្សែភ្លើង ទើបបង្កជាអគ្គិភ័យឆេះលឿនបែបនេះ ។
មិនអាចទាក់ទងសុំការបំភ្លឺពីម្ចាស់ក្លិបរាត្រីនេះបានទេ ពេលកើតហេតុភ្លាមៗ ឬក្រោយកើតហេតុ ។ បើតាមបុគ្គលិកដែលបំរើការនៅក្លិបរាត្រីនេះបាននិយាយថា សម្ភារក្នុងក្លិបដូចជាតុ កៅអី ភាគច្រើនមានតែគ្រឿងដែក មិនសូវមានគ្រឿងជ័រ ឬសាឡុងពួកទេ ។ ប៉ុន្តែអគ្គិភ័យឆេះខ្ទេចអស់ ក្រៅពីតុ និងកៅអីដែក ។
ក្រោយពីមន្ត្រីពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់ភ្លើងនៅក្នុងក្លិបបាន១០០% និងបន្ទាប់ពីស្ងប់ផ្សែង គេឃើញក្រុមបុគ្គលិកប្រុស-ស្រីបាននាំគ្នាជញ្ជូន តុ កៅអីដែកចេញពីក្នុងក្លិប ។ បុគ្គលិកទាំងនោះបានបញ្ជាក់ដែរថា មានបុគ្គលិកមួយចំនួនស្នាក់នៅក្នុងក្លិប តែបានរត់ចេញរួចនៅពេលមានភ្លើងឆេះ តែពុំមានបុគ្គលិកណាម្នាក់គ្រោះ ថ្នាក់ទេ ខូចខាតតែសម្ភារប្រើប្រាស់ និងឧបករណ៏ភ្លេង ឬគ្រឿងក្នុងនានាដែលមាននៅក្នុងក្លិប ។
យ៉ាងណាក្ដី ជុំវិញគ្រោះអគ្គិភ័យដ៏មហន្តរាយនេះ គេឃើញរថយន្តពន្លត់អគ្គីភ័យរបស់សមត្ថកិច្ចជាច្រើនគ្រឿងបានចេញជួយអន្តរាគមន៍ ។ មន្ត្រីជំនាញបានសម្រុកចូលបាញ់ពន្លត់ភ្លើងដល់ក្នុងក្លិប និងបាញ់ទប់ស្កាត់ផ្នែកខាង ក្រៅរហូតបង្ក្រាបបាន១០០% ។ ប៉ុន្តែក្នុងរបាយការណ៍ មន្ត្រីជំនាញមិនទាន់ប្រាប់ពីមូលហេតុដែលនាំឲ្យមានអគ្គិភ័យនេះកើតឡើងនៅឡើយទេ ខណៈសាក្សីនៅទីនោះដាក់ការសង្ស័យទៅលើក្រុមជាងផ្សារដែក ជាអ្នកបង្កឲ្យមានភ្លើងឆេះគ្រឿងក្នុងក្លិបរាត្រីនេះហ្មត់ ៕










