ខេត្តស្ទឹងត្រែង , នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីអបអរសាទរ ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ទម្លាប់ស្អាត គ្រួសារស្អាត បរិស្ថានល្អ” នៅមុខសាលាខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី គណៈអភិបាលខេត្ត ក្រុង ស្រុក និង ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំង សិស្សានុសិស្សជាច្រើនរូប។
ឆ្លៀតក្នុងឱកាសនោះ លោក សរ សុពុត្រា បានគូសបញ្ជាក់ថា ការចូលរួមទិវាអនាម័យ បរិស្ថានជាតិ ២៣វិច្ឆិកា គឺជាសារមួយ ជំរុញឱ្យកើតមាននូវសកម្មភាពធ្វើអនាម័យ សំអាតបរិស្ថានទូទាំងខេត្តស្ទឹងត្រែងដើម្បីលើកកម្ពស់តម្លៃបរិស្ថានស្អាត ។
លោកក៏បានបញ្ជាក់ទៀតថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តនិងថែរក្សា នូវស្ថិរភាព នយោបាយ សន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈទូទាំងប្រទេស ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ នាំឱ្យមានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ ក្នុងនោះវិស័យបរិស្ថានត្រូវបានចាត់ទុកជាមូលដ្ឋានគ្រឹះ លើការការពារថែរក្សា ធនធានធម្មជាតិ អភិរក្សជីវចម្រុះ គុណភាពបរិស្ថាន និងសុខភាពសាធារណៈ។
បន្ថែមលើនេះទៀត លោកបានលើកឡើងថា ដើម្បីធានាបាននូវសោភណភាព កិច្ចគាំពារសុខភាពសាធារណៈ និងបរិស្ថានចាំបាច់ត្រូវយកចិត្តទុកដាក់លើកកម្ពស់លើការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនឱ្យបានត្រឹមត្រូវដោយត្រូវវេចខ្ចប់ និងញែកសំរាម សំណល់រឹង ដែលអាចប្រើប្រាស់ឡើងវិញ ឬកែច្នៃបាន ត្រូវដាក់ដោយឡែកពីសំណល់រឹងដែលត្រូវបោះចោល ។
លោក សរ សុពុត្រា ជឿជាក់ថា ផ្តើមចេញអំពីសកម្មភាពនៅពេលនេះ គឺជាសារមួយជំរុញឱ្យកើតមាននូវសកម្មភាពធ្វើអនាម័យ សំអាតបរិស្ថានទូទាំងខេត្តស្ទឹងត្រែង ដើម្បីលើកកម្ពស់តម្លៃបរិស្ថានស្អាតដែលធ្វើឱ្យខេត្តស្ទឹងត្រែងគ្មានសំរាមរាយប៉ាយនៅតាមដងផ្លូវទីសាធារណៈ និងសួនច្បារ រួមចំណែកធ្វើឱ្យខេត្តស្អាតមានសោភណភាពស្រស់បំព្រង និងមានផាសុខភាព៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង









