ខេត្តកំពត៖ ជនជាតិវៀតណាមសរុប១៥នាក់ ដែលជាប់ពាក់ព័ន្ធក្នុងបទល្មើសជាច្រើននៅកម្ពុជា ត្រូវបានសមត្ថកិច្ចបណ្តេញចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត។ នេះបេីយោងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ។
ជនជាតិវៀតណាមដែលបណ្ដេញចេញខាងលើ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ថា គឺមានជាប់ពាក់ព័ន្ធនឹងករណីលួចស្នាក់នៅធ្វើការខុសច្បាប់ ករណីសមគំនិតក្នុងអំពើកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងការចាប់បង្ខាំងដោយខុសច្បាប់ (អនុវត្តទោសចប់) ករណីនេសាទដោយប្រើឧបករណ៍ឆក់ (អនុវត្តទោសចប់) រួមទាំងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (អនុវត្តទោសចប់)។
នីតិវិធីបណ្តេញចេញ ធ្វើឡើងតាមរយៈប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ដោយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន៧នាក់ ស្នងការដ្ឋាននគរបាលខេត្តកំពតចំនួនម្នាក់ ស្នងការដ្ឋាននគរបាលខេត្តកែបចំនួន៥នាក់ និងទទួលពីពន្ធនាគារខេត្តព្រះសីហនុចំនួន២នាក់៕ដោយ៖តារា










