សារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានផ្សាយថា នាថ្ងៃសុក្រនេះ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi បាននិយាយថា លោកស្រីចង់បានទំនាក់ទំនងស្ថាបនាជាមួយប្រទេសចិន និងថាគោលជំហររបស់ជប៉ុនស្តីពីតៃវ៉ាន់ គឺនៅតែបន្តគ្មានការផ្លាស់ប្តូរឡើយ បន្ទាប់ពីផ្ទុះជម្លោះជាមួយទីក្រុងប៉េកាំង ដោយសារតែរឿងកោះតៃវ៉ាន់។
លោកស្រី Takaichi បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «កាលពីចុងខែមុន លោកប្រធានាធិបតី ស៉ី និងខ្ញុំ បានបញ្ជាក់ប្រាប់គ្នាអំពីទិសដៅទូលំទូលាយ នៃការជំរុញឱ្យគ្រប់ជ្រុងជ្រោយ នូវទំនាក់ទំនងយុទ្ធសាស្រ្តនិងផ្តល់ប្រយោជន៍ទៅវិញទៅមករបស់ពួកយើង ហើយកសាងទំនាក់ទំនងមួយ ដែលមានលក្ខណៈស្ថាបនា និងមានស្ថិរភាព»។ លោកស្រីបានបន្ថែមថា គោលជំហររបស់រដ្ឋាភិបាលជប៉ុន គឺបន្តគ្មានការប្រែប្រួលឡើយ ស្តីអំពីតៃវ៉ាន់។
ជម្លោះការទូតរវាងប្រទេសទាំងពីរ បានផ្ទុះឡើងក្នុងខែនេះ បន្ទាប់ពីការលើកឡើងរបស់លោកស្រី Takaichi ដែលបាននិយាយថា ទីក្រុងតូក្យូអាចនឹងធ្វើអន្តរាគមន៍យោធា ក្នុងករណីដែលចិនបើកការវាយប្រហារលើតៃវ៉ាន់។ ការអត្ថាធិប្បាយបែបនោះ បានធ្វើឱ្យចិនក្តៅស្លឹកត្រចៀកជាខ្លាំង ដ្បិតចិនចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយបញ្ហាដែនកោះនេះ គឺជាខ្សែបន្ទាត់ក្រហម និងជាបញ្ហាស្នូលបំផុតនៃផលប្រយោជន៍ស្នូលនានារបស់ប្រទេសចិន៕
រូបថត: vnexpress










