កម្ពុជា-ប៉ាគីស្ថាន ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ចែករំលែក៖

ភ្នំពេញ​៖​ លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យលោល Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប៉ាគីស្ថាន ក្នុងរយៈពេលជាង ៧០ឆ្នាំនៃចំណងការទូត និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលប៉ាគីស្ថានដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការដល់កម្ពុជា ក្នុងវិស័យនានា នាពេលកន្លងមក។ លោកសន្តិបណ្ឌិត បានជម្រាបជូនអំពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយក្នុងនោះ បានបង្កើត គ.ប.ឆ.ប. ដែលស្ថិតក្រោមការបញ្ជាដឹកនាំដោយផ្ទាល់ពីសម្តេចបវរធិបតីនាយករដ្ឋមន្រ្តី ។

លោកសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ គឺជាបញ្ហាស្មុគស្មាញនិងសកល ព្រមទាំងជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មផ្សេងៗទៀតដូចជា ការជួញដូរមនុស្ស ការបង្ខាំងនិងធ្វើទារុណកម្ម ការជំរិតទារប្រាក់ ឃាតកម្ម និងការសម្អាតប្រាក់ ។ល។ ការណ៍នេះទាមទារឱ្យមានការបង្កើនកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយបណ្តាដៃគូពាក់ព័ន្ធ ដើម្បីសហការគ្នាស្រាវជ្រាវ វែកមុខមេក្លោង អង្គការចាត់តាំង និងប្រព័ន្ធហិរញ្ញវត្ថុរបស់ក្រុមឧក្រិដ្ឋជន។

ជាកិច្ចឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងថ្លែងអំណរគុណដល់សមត្ថកិច្ចកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយសង្រ្គោះ និងបញ្ជូនពលរដ្ឋប៉ាគីស្ថានត្រឡប់ទៅប្រទេសវិញ នាពេលកន្លងមក។ ទន្ទឹមនេះ លោកក៏បានសម្តែងនូវការត្រៀមខ្លួនក្នុងការផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងកិច្ចការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងនាមជាភាគីពាក់ព័ន្ធ តាមរយៈការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា សំដៅរួមចំណែកក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

...

ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងផែនការជំហានបន្ទាប់សម្រាប់កិច្ចសហការរវាងស្ថានទូត និងគ.ប.ឆ.ប និងបានឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងការដោះស្រាយបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែជិតស្និទ្ធថែមទៀត៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print