ខេត្តកំពង់ស្ពឺ ៖ នគរបាលក្រុងច្បារមនឃាត់ខ្លួនបុរសចំណាស់ម្នាក់មកពីភ្នំពេញដែលធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋនៅពេលយប់។ បច្ចុប្បន្នជួនសង្ស័យត្រូវបានឃុំខ្លួនដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។
មន្ត្រីនគរបាលក្រុងច្បារមនបានឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែវិឆ្ឆិកា ឆ្នាំ២០២៥នេះថា ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងនគរបាលនៃអធិការនគរបាលក្រុងច្បារមន បានស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនបានមុខសញ្ញាចោរលួចដ៏សកម្មម្នាក់ឈ្មោះ ឃៀង សុខុន ភេទ ប្រុស អាយុ៦២ឆ្នាំ មានអាសយដ្ឋានមិនអចិន្រ្ដៃយ៍ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។
លោកវរសេនីយ៍ទោយ័ន្ដ សង្ហារ អធិការនគរបាលក្រុងឱ្យដឹងថា តាមរយៈបណ្ដឹងរបស់ពលរដ្ឋបានរាយការណ៍មកលេខទាន់ហេតុការណ៍ Hotline នៅវេលាម៉ោង១ និង៣០នាទី ថៃ្ងទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចឃ្លាំងទំនិញ ស្ថិតក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ថាមានករណីប៉ុនប៉ុងលួចទ្រព្យ សម្បត្ដិដោយមានក្រុមចោរប្រដាប់ដោយសម្ភារមួយ ចំនួន បានធ្វេីសកម្មភាពជាច្រេីនលេីកនិងកំពុងតែប្រព្រឹត្ដ ។
កំលាំងអន្ដរាគមន៍អធិការនគរបាលក្រុងច្បារមន បានចេញប្រតិបត្ដិការឃាត់បានជនសង្ស័យរួមជាមួយវត្ថុតាងមួយចំនួនក្នុងនោះដកហូតវត្ថុតាងរួមមាន ៖ កន្ត្រៃ កកាត់ដែកចំនួន១,ទួណឺវុីស១,ឧបករណ៍កាច់សោរក ម៉ូតូ៣គ្រាប់,កន្ត្រៃតូច១,ម៉ាឡេតចំនួន១,ដែកដាប់ ចំនួន ១, ទូរស័ព្ទដៃ១គ្រឿង និងសោម៉ូតូ១ ។
កំលាំងបានដឹកបញ្ជូនមកអធិការដ្ឋានសាកសួរ និងបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ដ ចំណាត់ការនីតិវិធីបន្ដ៕










