ហាងកាហ្វេយីហោ Amazon ដែលជាហាងកាហ្វេដ៏ធំបំផុតនៅក្នុងប្រទេសថៃ បានបិទហាងទាំង 12 នៅក្នុងប្រទេសវៀតណាម បន្ទាប់ពីរកសុីរយៈពេល 5 ឆ្នាំ ដែលនេះជាផ្នែកនៃការផ្លាស់ប្តូរយុទ្ធសាស្រ្តអាជីវកម្ម។
អ្នកគ្រប់គ្រងជាន់ខ្ពស់ម្នាក់បានបញ្ជាក់ប្រាប់សារព័ត៍មាន VnExpress ថាគ្រប់ហាងទាំងអស់បានឈប់បម្រើអតិថិជនក្នុងសប្តាហ៍នេះ។ ហាង Café Amazon នៅក្រុងហូជីមិញ បានដកផ្លាកសញ្ញា ត្រឡប់កន្លែងជួលវិញ ហើយនៅទីតាំងខ្លះត្រូវបានជំនួសដោយអ្នកជួលថ្មី។
នៅក្នុងសេចក្តីជូនដំណឹងមួយដែលដាក់ទៅផ្សារហ៊ុនថៃនៅដើមខែតុលា ក្រុមហ៊ុន Central Plaza Hotel Public Company Ltd (Centel) បានប្រកាសរំលាយក្រុមហ៊ុន ORC Coffee Passion Group (ORCG) ដែលជាអង្គភាពប្រតិបត្តិការ Café Amazon ក្នុងប្រទេសវៀតណាម។
ORCG គឺជាការបណ្តាក់ទុនរួមគ្នារវាង Central Restaurants Group ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ Centel កាន់កាប់ភាគហ៊ុន 40% និង PTTOR International Holdings ដែលមានមូលដ្ឋាននៅសិង្ហបុរី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ PTT Oil and Retail Business របស់ប្រទេសថៃកាន់កាប់ 60% ។ ក្រុមហ៊ុន Centel បាននិយាយថា ខ្លួនកំពុងដកខ្លួនចេញពីប្រទេសវៀតណាម ដើម្បី “ផ្តោតលើអាទិភាពអាជីវកម្ម” និងសម្របខ្លួនទៅនឹងបញ្ហាប្រឈមទីផ្សារ។ គិតត្រឹមថ្ងៃទី 31 ខែសីហា Centel បានវិនិយោគ 1.72 លានដុល្លារអាមេរិកក្នុងការបណ្តាក់ទុននេះ។
Café Amazon បានចូលប្រទេសវៀតណាមក្នុងខែវិច្ឆិកា ឆ្នាំ 2020 ជាមួយនឹងហាងដំបូងរបស់ខ្លួននៅហូជីមិញ ។
ចំនួនហាងគឺទាបជាងគោលដៅដំបូងរបស់ក្រុមហ៊ុន ហើយនៅតែមានកម្រិតតិចតួចបើធៀបនឹងយីហោកាហ្វេឈានមុខគេរបស់វៀតណាម។
Café Amazonរបស់ប្រទេសថៃបានប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងនៅក្នុងប្រទេសវៀតណាមពីម៉ាកយីហោក្នុងស្រុក និងអន្តរជាតិដែលលេចធ្លោរួមមាន Highlands Coffee, Phuc Long, Katinat, Trung Nguyen Legend Café និង Starbucks ៕










