ភ្នំពេញ ៖ ទីតាំងដាក់សំរាមនៅជាន់ទី៥នៃអគារផ្ទះជួល១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះផ្សែងហុយទ្រលោម បង្កឲ្យមានការភ្ញាក់ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍ តែពុំបានបាញ់ទឹកនោះទេ ដោយសារប្រជាពលរដ្ឋនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យនិងបាញ់ទឹកពន្លត់ទាន់ពេល ពុំបណ្ដាលឲ្យឆេះរាលដាលធ្ងន់ធ្ងរនោះឡើយ ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៨និង២៥នាទីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅអគារលេខ១២៤ ជាប់សាលាបឋមសិក្សាបឹងសាឡាង តាមផ្លូវលេខ២៥៥ក្រុម៩ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។
ប្រភពបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញភ្លើងបានឆាបឆេះចេញពីជាន់ទី៥ ដោយមានផ្សែងហុយទ្រលោមចេញមកខាងក្រៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងនិងប្រជាពលរដ្ឋនាំគ្នាទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ២គ្រឿងទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ នៅក្នុងហេតុការណ៍នោះ រថយន្តពុំបានបាញ់ទឹកពន្លត់ឡើយដោយម្ចាស់ផ្ទះរួមជាមួយប្រជាពលរដ្ឋនៅក្បែរខាងបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់អស់៤បំពង់ពន្លត់ទាន់ពេល។
តាមសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា អគ្គិភ័យនេះបណ្តាលមកពីអ្នកជួលបន្ទប់ជក់បារីហើយបោះកន្ទុយចោលលើកន្លែងដាក់សំរាមបណ្ដាលឲ្យក្លាយជាអគ្គិភ័យឆាបឆេះតែម្ដង។ អគ្គិភ័យនេះបណ្ដាលឱ្យសម្ភារមួយចំនួននៅក្នុងបន្ទប់ជាប់នោះ បានរងការខូចខាត តែពុំបណ្ដាលឲ្យឆេះរាលដាលធ្ងន់ធ្ងរឡើយ៕










