ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករមកពីប្រទេសថៃ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយនាំមកនូវឱកាសការងាររាប់ពាន់កន្លែង

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ ដោយនាំយកឱកាសការងារប្រមាណជាង ៦ពាន់កន្លែង និងព័ត៌មានស្តីពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋបាលស្រុកព្រះនេត្រព្រះ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ វិស័យឯកជន សមាគមមិត្តយើង អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងដៃគូពាក់ព័ន្ធផ្សេងទៀត ដែលមានអ្នកចូលរួមប្រមាណជាង ១ពាន់នាក់។

នៅក្នុងពិព័រណ៍ដ៏សំខាន់នេះ មានសហគ្រាស ក្រុមហ៊ុន រោងចក្រចំនួន ១៨ បានចូលរួមសម្ភាស និងជ្រើសរើសបុគ្គលិកភ្លាមៗដោយផ្ទាល់ និងមានតម្រូវការកម្លាំងពលកម្មប្រមាណ ៦ពាន់នាក់។ ជាមួយគ្នានេះ បងប្អូនអតីតពលករ និងអ្នកចូលរួមទាំងអស់ បានទទួលការដឹកជញ្ជូន អាហារ ភេសជ្ជៈ និងកាហ្វេ ព្រមទាំងទទួលបានការកាត់សក់ពីអ្នកជំនាញដោយឥតគិតថ្លៃថែមទៀតផង។

លោករដ្ឋមន្ត្រី បានថ្លែងថា ការរៀបចំពិព័រណ៍ការងារនៅថ្ងៃនេះ គឺបាននាំយកសហគ្រាស ក្រុមហ៊ុន រោងចក្រ មកដល់មូលដ្ឋានរបស់បងប្អូនអតីតពលករ ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងស្រុកព្រះនេត្រព្រះ ដើម្បីកុំឱ្យបងប្អូនពិបាក បើទោះបីជាសម្ភាសការងារជាប់ ឬមិនជាប់ ក៏បងប្អូនមិនចាំបាច់ចំណាយថ្លៃធ្វើដំណើរទៅរាជធានីភ្នំពេញ ឬក៏ទៅខេត្តផ្សេងៗនោះឡើយ។

លោករដ្ឋមន្ត្រី លើកឡើងថា ការទៅធ្វើការងារនៅក្រៅប្រទេស មិនមែនជារឿងអាក្រក់នោះទេ តែបងប្អូនក៏ត្រូវជ្រើសរើសដែរ ថាតើយើងគួរទៅប្រទេសណាមានប្រាក់ឈ្នួលខ្ពស់ ២ទៅ៣ដង ជាងនៅក្នុងស្រុកយើង ព្រោះថា អាចទទួលបានប្រាក់ខែច្រើន និងត្រឡប់មកវិញក៏មានជំនាញថែមទៀត។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រាក់ឈ្នួលដែលបងប្អូននឹងចុះឈ្មោះនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាំយកមកដល់ទីនេះ អាចទាបជាងប្រទេសថៃបន្តិច ប៉ុន្តែអ្វីដែលបងប្អូនមានខុសពីការធ្វើការងារនៅប្រទេសថៃនោះ គឺនៅពេលបងប្អូនមានគ្រោះថ្នាក់ការងារ ប.ស.ស. ជួយព្យាបាល ហើយនៅពេលបងប្អូនគ្រោះថ្នាក់ការងារ ចៃដន្យធ្លាក់ខ្លួនពិការមិនអាចធ្វើការងារបានក៏ ប.ស.ស. នឹងចិញ្ចឹមបងប្អូនពេញមួយជីវិត និងកូនចៅរបស់បងប្អូនដែលនៅក្នុងបន្ទុកក៏ ប.ស.ស. នឹងចិញ្ចឹមរហូតដល់ពួកគេអាយុ ១៨ឆ្នាំ។

...

លោករដ្ឋមន្ត្រី បានបន្តលើកឡើងអំពីអត្ថប្រយោជន៍ដែលបងប្អូនធ្វើការក្នុងស្រុក ដូចជា មានបណ្ណ ប.ស.ស. ដោយអាចទៅព្យាបាលជំងឺដោយឥតគិតថ្លៃ មានប្រាក់សោធនពេលធ្វើការដល់អាយុ ៦០ឆ្នាំ រស់នៅជួបជុំក្រុមគ្រួសារ ពិសេសផ្ដល់ភាពកក់ក្ដៅដល់កូនៗ អាចចូលរួមកម្មវិធីបុណ្យទាននានាបានច្រើន និងអាចដើរទៅណាក៏បានដោយសេរី៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print