ខេត្តកំពង់ធំ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យសង្វេគមួយបានកើត ឡើងនៅវេលាម៉ោង៥និង៤៥នាទីព្រឹក ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចភូមិកំញ៉ាត ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ តាមបណ្តោយផ្លូវជាតិលេខ៦។
ប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញចរាចរណ៍បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តយីឌុបដឹកស្រូវ១គ្រឿង មិនច្បាស់ស្លាកលេខ បានចតនៅខាងស្តាំដងផ្លូវដោយគ្មានផ្លាកសញ្ញាព្រមាន។
លុះដល់វេលាកើតហេតុ រថយន្តម៉ាក Toyota Prius ពណ៌ ស មិនច្បាស់ស្លាកលេខ ធ្វើដំណើរពីទិសខាង ជើងមកត្បូង បានព្យាយាម គេចពីគោយន្តកន្ត្រៃដែលបើកបរយឺតៗ ១គ្រឿង បណ្តាលឱ្យជ្រុលចង្កូតទៅបុកជាមួយរថយន្តយីឌុបដឹកស្រូវដែលចតស្ងៀមខាងមុខយ៉ាងពេញទំហឹង។
ភ្លាមនោះ រថយន្តម៉ាក Avanza ពណ៌សគ្រឿងទៀត ដែលធ្វើដំណើរមកពីក្រោយក្នុងទិសដៅដូចគ្នា មិនអាចចាប់ហ្វ្រាំងទាន់ ក៏បុកបន្តជាមួយរថយន្ត Prius ម្តងទៀត។
រថយន្ត Toyota Prius ខូចធ្ងន់ខ្ទេចផ្នែកខាងមុខទាំងស្រុង។ រថយន្ត Avanza ខូចធ្ងន់ផ្នែកខាងមុខ រថយន្តយីឌុបដឹកស្រូវត្រូវរងការខូចខាតផងដែរ។
ចំពោះជនរងគ្រោះ នៅក្នុងរថយន្ត Prius មានអ្នកជិះ២នាក់ ជនជាតិខ្មែរ១នាក់ និងជនជាតិចិន១នាក់ រងរបួសធ្ងន់សន្លប់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។ អ្នកបើកបររថយន្ត Avanza ជាបុរសខ្មែរ១នាក់ របួស ស្រាល។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចចរាចរណ៍ខេត្ត កំពង់ធំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រុកតាំងគោក បានចុះដល់កន្លែងកើតហេតុដើម្បី សម្រួលចរាចរណ៍ និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យជាបន្ទាន់។
គួរបញ្ជាក់ថា ករណីខាងលើយោងតាមរបាយការណ៍សមត្ថកិច្ចខាងលើស្ថិតក្នុងមូលហេតុនៅដំណាក់កាលស៊ើប អង្កេតបន្ត៕










