ភ្នំពេញ ៖ បណ្ឌិតកៅ មុយថង អ្នកវិភាគសង្គមបានសង្កេតឃើញថា ផែនការ៥ឆ្នាំរបស់ចិន ផ្តល់កាលានុវត្តភាពដល់កម្ពុជា ផ្អែកលើកត្តា ៤ចំណុច ស្របពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែរឹងមាំ។
លោក បណ្ឌិត កៅ មុយថង បានប្រាប់ថ្មីៗនេះថា ផែនការប្រាំឆ្នាំ ទី១៥ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម របស់ចិន គឺជាផែនទីបង្ហាញផ្លូវសកម្មភាព សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមចិន ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ (២០២៦-២០៣០)។ រីឯ កាលានុវត្តភាពដែលកម្ពុជាទទួលបាន មានចំនួន៤ ចំណុច រួមមាន ៖ ១-ពង្រីកការបើកចំហយ៉ាងសកម្ម ២-ជំរុញពាណិជ្ជកម្ម ដោយភាពច្នៃប្រឌិត ៣-បង្កើនការវិនិយោគិនចិននៅកម្ពុជា និង៤-ពន្លាតកិច្ចសហប្រតិបត្តិការរវាង ប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរ។
«ជារួម សម្រាប់កម្ពុជា ផែនការនេះគឺជាកាលានុវត្តភាពជាយុទ្ធសាស្ត្រ ដែលរួមចំណែកបង្កើនឱកាស សេដ្ឋកិច្ចយ៉ាងខ្លាំងក្លា ក្រោមក្របខ័ណ្ឌនៃ «សហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគ សម័យថ្មី»។ កាលានុវត្តភាពទាំងបួនចំណុចខាងលើ នឹងឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរទំនាក់ទំនងសេដ្ឋកិច្ចពី កម្រិតប្រពៃណី ទៅកាន់កម្រិតមួយទៀតដែលមានគុណភាពខ្ពស់ និងភាពច្នៃប្រឌិត។ ម្យ៉ាងទៀត ផែនការ ៥ឆ្នាំលើកទី១៥ គឺជាសក្ខីភាពដែលបង្ហាញថា ចិននៅតែបន្តជាដៃគូដ៏សំខាន់ និងជាកម្លាំងចលករដ៏ធំ សម្រាប់កំណើន សេដ្ឋកិច្ច និងការអភិវឌ្ឍសមត្ថភាពរបស់កម្ពុជាក្នុងយុគសម័យថ្មី»៕
ប្រភព ៖ (CCFR)










