គម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤ ក្រោមជំនួយពី ADB នៅខេត្តក្រចេះសម្រេចបានជិត៤០ភាគរយហើយ

ចែករំលែក៖

ខេត្តក្រចេះ៖ គម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤ ក្រោមជំនួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូនជាប្រធានសម្រាប់ខេត្តក្រចេះ គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ៤០ភាគរយហើយ។

លោក ជួប ផល្លីន អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា  អនុគម្រោងប្រព័ន្ធលូរំដោះទឹកភ្លៀង សម្រេចបាន  ៣៩.៩៨% , អនុគម្រោងកែលម្អក្រុង បាន ៤០.៧៥% និងអនុគម្រោង កែលម្អទីលានកប់សំរាមចាស់ សម្រេចបាន ១៥.៣៦ % ហើយនៃផែនការ ។

លោកបន្តថា  សម្រាប់អនុគម្រោងសាងសង់បណ្តាញលូ និងស្ថានីយបូមទឹកភ្លៀងក្រុងក្រចេះ បានការដ្ឋានសាងសង់នាថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២៥ សាងសង់លើផ្ទៃដីទំហំ១៦.៧ម៉ែត្រx៣០ម៉ែត្រ មានសំណង់ម៉ាត់ឈ្នាងបង្ហូរទឹកចេញពីស្ថានីយទំហំ១៣.៤ម៉ែត្រx១៨.៥ម៉ែត្រ បំពាក់ម៉ាស៊ីនបូមទឹកចំនួន ០៣ម៉ាស៊ីន មានសមត្ថភាពបូមទឹកបាន ១០,៣៨០ ម៉ែត្រគូបក្នុងមួយម៉ោង ក្នុងនោះមានចាក់ផ្លូវបេតុងចូលស្ថានីយប្រវែង១១០ម៉ែត្រ ទទឹង ៧.៥ម៉ែត្រ-សាងសង់នូវបណ្តាញ លូរបេតុងប្រអប់មេប្រវែង ១១២៣ម៉ែត្រ -សាងសង់បណ្តាញលូប្រមូលទឹកតភ្ជាប់ជាមួយបណ្តាញលូចាស់ប្រវែង ៤៩៦ម៉ែត្រ និងសាងសង់ប្រឡាយទឹករៀបថ្ម ទំហំទទឹងបាតប្រឡាយ១.៥ម៉ែត្រ ជម្រៅ៣ម៉ែត្រ ប្រវែង២២០ម៉ែត្រ សម្រេចបាន ៣៩,៩៨% ។

លោកបន្តទៀតថា  ចំពោះអនុគម្រោងកែលម្អក្រុង ក្នុងនោះមាន៖-កែលម្អរូបព្រាបស-កែលម្អរង្វង់មូលនាគបាញ់ទឹក -រៀបចំកន្លែងហាត់ប្រាណ និងកន្លែងក្មេងលេង -រៀបចំដាក់បង់អង្គុយ និងអំពូលភ្លើងតាមបណ្ដោយមាត់ទន្លេ ដែលកំពុងដំណើរការសាងសង់ និងសម្រេចបាន៤០,៧៥% ។

គួរបញ្ជាក់ដែរថា  រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញនូវផែនការអនុវត្តសកម្មភាព ក្នុងការអភិវឌ្ឍនូវហេដ្ឋារចនាសម្ពន័្ធរូបវ័ន ដោយក្នុងនោះការគ្រប់គ្រងប្រព័ន្ធលូររំដោះ ក៏ជាផែនការអាទិភាពមួយផងដែរ ក្នុងផែនការក្រសួងសាធារណការ និងដឹកជញ្ជូន ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានកំណត់និងដាក់ចេញ គឺដើម្បីរំដោះទឹកភ្លៀងពីក្រុង ការពារការជន់លិចក្នុងរដូវវស្សា ជួយបញ្ជៀសការលិចលង់ក្នុងក្រុង លើកកម្ពស់អនាម័យសុខភាព សោភ័ណភាព និងជីវភាពប្រជាជន ក៏ដូចជាជួយជំរុញសេដ្ឋកិច្ចក្នុងក្រុងទាំងមូល ក្នុងការស្រូបទាញអ្នកវិនិយោគ មកប្រកបអាជីវកម្មផងដែរ ៕

...

ប្រភព ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print