ខេត្តកំពង់ស្ពឺ ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កង រាជអាវុធហត្ថ ខេត្ត កំពង់ស្ពឺ នាព្រឹកថ្ងៃអង្គារ ៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ត្រូវនឹង ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញ ចូលរួម ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី២ អាណត្តិទី៤ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក យឹម សុខុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃ គណៈ អភិបាល ខេត្ត កំពង់ស្ពឺ និងមានការចូលរមពីសំណាក់ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត លោកមេបញ្ជាការកងកម្លាំងទាំង៣ សមាជិក សមាជិកា ជាច្រើនរូបទៀតផងដែរ ដោយរៀបចំឡើងនៅសាលាស្រុកសំរោងទង។
លោក យឹម សុខុម មាន ប្រសាសន៍ ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត គឺជាឧបករណ៍ដ៏មាន សារៈសំខាន់មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋទាំងបុរស និងស្ត្រីក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងផ្តល់ឱកាសក្នុង ការពិភាក្សាប្រកបដោយតម្លាភាពគ្រប់ជ្រុងជ្រោយ ការទទួលបាននូវពហុគំនិតពីរដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល សាធារណជននានាដែលអាចទទួលបាននូវការផ្ទៀងផ្ទាត់ប្រកបដោយសុច្ចរិតភាព និង យុត្តិធម៌ក្នុងសង្គមកាន់តែល្អប្រសើរឡើង។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានថ្លែងថា វេទិកា នេះគឺជាឱកាសដ៏សំខាន់ សម្រាប់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរ ពីសំណាក់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីយកមកពិភាក្សា ឆ្លើយបំភ្លឺ និងដោះស្រាយ ជូនបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលការណ៍ច្បាប់ និងស្ថានភាពជាក់ស្តែងនៅក្នុងខេត្តកំពង់ស្ពឺ។ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងនៅបញ្ហារបរិស្ថាន សូមអោយបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងបណ្តារោងចក្រ ដើមទប់ស្កាត់ការចោលសំរាមពាសវាលពាសកាល បញ្ហាដីធ្លី សុំអោយអាជ្ញាធរស្រុក និងមន្ទីរជំនាញ សូមជួយពន្លឿនអោយបានឆាប់រហ័សជូនប្រជាពលរដ្ឋ ត្រូវទប់ស្កាត់រាល់បញ្ហារក្មេងទំនើង ល្បែងស៊ីសង និងល្បែងអនឡាញគ្រប់ប្រភេទ និងបញ្ហាប្រឈម និងសូមណូមពរនានា សូមអាជ្ញាធរពាក់ព័ន្ធត្រូវតាមដាននិងអនុវត្តដោះស្រាយអោយបានទាន់ពេលវេលាផងដែរ។
ក្នុងវេទិការនេះ ប្រជាពលរដ្ឋបានលើកឡើងបញ្ហា និងសំណូមពរនានា ដែលផ្តោតលើចំណុចដូចជា ១.បញ្ហាពាក់ព័ន្ធនឹងបរិស្ថាន និងការគ្រប់គ្រងសំរាម សូមអាជ្ញាធរជំនាញយកចិត្តទុកដាក់ជួយដោះស្រាយ និងផ្សព្វផ្សាយអោយបានទូលំទូលាយ ២.បញ្ហារទំនាស់ដីធ្លី ៣.សុំអាជ្ញាធរជួយពន្លឿនការទូទាត់ប្រាក់ថ្លៃដីចំនួន ៥៦គ្រួសារ ដែលក្រុមហ៊ុនបានទិញពីប្រជាពលរដ្ឋ តែមិនទាន់បានលុយគ្រប់នៅឡើយ ៤.សូមណូមពរមន្ទីរសុខាភិបាល ជួយសម្រួល និងមានមណ្ឌលសុខភាពមួយចំនួននៅខ្វះការយកចិត្តទុកដាក់ ខ្វះបរិក្ខារពេទ្យ សំុអោយមន្ទីរពេទ្យផ្តល់អតិភាពដល់អ្នកជំងឺធ្ងន់ធ្ងរ ព្រមទាំងបញ្ហាផ្សេងៗទៀត។
ជាចុងបញ្ចប់ លោកប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយឯកឧត្តមអភិបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ បានចាប់ផ្តើមឆ្លើយបំភ្លឺ បំពេញ បញ្ជាក់ និងប្តេជ្ញាដោះស្រាយ ទៅតាមសំណូមពរនីមួយៗ ដោយយោងតាមគោលការណ៍ច្បាប់ និងស្ថានភាពជាក់ស្តែងរបស់ខេត្ត៕
ដោយ ៖ សិលា










