ខេត្តកណ្តាល ÷ សមត្ថកិច្ចឃាត់ខ្លួនក្រុមជនសង្ស័យ ករណីលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ពីអ្នកធ្វើដំណើរតាមផ្លូវ បានចំនួន០៣នាក់ហើយ ក្នុងបក្ខពួកចំនួន០៤នាក់ ក្រោយធ្វើការស្រាវជ្រាវអស់រយ:ពេល១៣ថ្ងៃ ដោយក្រុមជនសង្ស័យបានធ្វើសកម្មកាប់ប្លន់យកម៉ូតូចំនួន០៣លើក។
លើកទី១ -កើតហេតុនៅវេលាម៉ោង០១និង៣០នាទីថ្ងៃ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចលើផ្លូវជាតិលេខ (21) ស្ថិតក្នុងភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ , លើកទី២ -កើតហេតុវេលាម៉ោង ១០និង៣០នាទីថ្ងៃ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នៅចំណុចផ្លូវក្រវ៉ាត់ក្រុងទី (3) ភូមិលេខ(៥) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ និងលើកទី៣-កើតហេតុវេលាម៉ោង១២ ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៥នៅចំណុច ផ្លូវក្រវ៉ាត់ក្រុងទី(3) ភូមិលេខ(៥) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកវរសេនីយ៏ឯក យី វណ្ណា អធិការនគរបាលក្រុងតាខ្មៅបានប្រាប់ឱ្យដឹងថា ទាំងជនជនរងគ្រោះនិងជន សង្ស័យ ជាជនជាតិខ្មែរ និងជាបុរសទាំងអស់ ក្នុងនោះ ករណីទី(១)ជនរងគ្រោះ មានឈ្មោះ អឿន សុវណ្ណារាជ អាយុ១៧ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំកំពង់លួង ស្រុកអង្គរបុរី ខេត្តតាកែវ បាត់បង់ម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅពាក់ស្លាកលេខ 1AT-2144 ,ករណីទី(២)ជនរងគ្រោះឈ្មោះ ម៉ន មុន្នីរដ្ធា អាយុ៣០ឆ្នាំ មានទីលំនៅភូមិលេខ(៥) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ បាត់ បង់ម៉ូតូម៉ាកHonda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AG-3988 និងករណីទី(៣) ជនរងគ្រោះមានឈ្មោះ ហៀង ណារីន អាយុ២៣ឆ្នាំ រស់នៅភូមិទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បាត់បង់ម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ 1KH- 4020 ។
ចំពោះក្រុមជនសង្ស័យមាន:ទី១ -ឈ្មោះ សល់ ស៊ីម អាយុ១៦ឆ្នាំ ,ទី២-ឈ្មោះ ស៊ ស៊ីម អាយុ១៨ឆ្នាំ, ទី៣ -ឈ្មោះ រស់ ភគ្ត្រា អាយុ១៦ឆ្នាំ និងទី៤-ឈ្មោះ ចាន់ចាវ អាយុ២០ឆ្នាំ(រត់គេចខ្លួន) ដែលជនសង្ស័យទាំង៤នាក់ សុទ្ធតែមានទីលំនៅជាមួយគ្នាក្នុង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។
វត្ថុតាងចាប់យក ៖-កាំបិតប៉័ងតោ ដងឈើ១,ម៉ូតូចំនួន ០២គ្រឿង ។ ០១គ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JM-8545 , និងម៉ូតូ០១គ្រឿងទៀតម៉ាក Honda Beat ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AU -6542 ។
លោកអធិការបានបន្តថា ក្រោយទទួលពាក្យបណ្តឹង
របស់ជនរងគ្រោះតាំងពីថ្ងៃដំបូងភ្លាម លោកបានបញ្ជាលោកវរសេនីយត្រី ហាក់ សុធឹន នាយប៉ុស្តិ៍ស្វាយរលំ លោក វរសេនីយត្រី ឃុន ណារិទ្ធ នាយប៉ុស្តិ៍នគរបាលរកាខ្ពស់ សហការជាមួយកម្លាំងព្រហ្មទណ្ឌក្រុងតាខ្មៅ ដឹកនាំដោយលោកវរសេនីយ៏ទោ ហេង សុផាណ្ណារិទ្ធ អធិការរងក្រុងតាខ្មៅ បើកប្រតិបត្តិការស្រាវជ្រាវអស់រយ:ពេល ១៣ថ្ងៃ រហូតឈានទៅឃាត់ខ្លួន ក្រុមជន សង្ស័យបានចំនួន០៣នាក់ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឆ្លើយសារភាពថា ក្រុមខ្លួនពិតជាបានធ្វើសកម្មភាព កាប់ប្លន់យកម៉ូតូពីអ្នកដំណើរចំនួន ៣លើកពិតប្រាកដមែន និងពេលប្លន់បាន គឺបានប្រគល់ម៉ូតូឱ្យទៅឈ្មោះ រ៉ុង រ៉េន យកទៅលក់បានលុយចែកគ្នាចាយ ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ។
លោកអធិការ បានលើកទឹកចិត្ត កោតសសើរ ដល់លោក វរសេនីយ៏ត្រី ហាក់ សុធឹន នាយប៉ុស្តិ៍ស្វាយរលំ ដែលបានដឹកនាំកម្លាំងប្រជាការពារ តាមប្រមាញ់ជន សង្ស័យរហូតដល់ឃុំក្រាំងយ៉ូវ ស្រុកស្អាង ទាំងយប់ និងកម្លាំងព្រហ្មទណ្ឌក្រុងតាខ្មៅ ដែលដឹកនាំដោយលោក វរសេនីយ៏ទោ ហេង សុផាណ្ណារិទ្ធ អធិការរងក្រុង បំពេញ ភារកិច្ច និងគោរពបទបញ្ជា អនុវត្តការងារបានដោយជោកជ័យ ៕










