ក្មេងទំនើង០៥នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបបានជាបន្តបន្ទាប់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន!

ចែករំលែក៖

ភ្នំពេញ​៖​ កងរាជអាវុធហត្ថរាជធានីភ្នពេញ​ នៅព្រឹកថ្ងៃ​ទី២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ បន្ទាប់ពីមានការផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមថាមានករណីហិង្សាបង្កឡើងដោយក្រុមក្មេងទំនើងចំនួន ០១ក្រុម ប្រដាប់ដោយ កាំបិត ដុំថ្ម ដេញកាប់ និងគប់ លើ ប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាត ម៉ូតូ ផាស់អាប់ និងបែកកញ្ចក់ទ្វារផ្ទះមួយកន្លែង កាលពីវេលាម៉ោងប្រមាណ ២៤ និង ០៥ នាទីយប់ ឈានចូល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុច ផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បន្ទាប់ពីបានទទួលព័ត៌មានពីបណ្តាញសង្គម កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ សហការជាមួយ កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះទៅធ្វើការស្រាវជ្រាវ រហូតចាប់បានជនសង្ស័យ ភេទប្រុស ចំនួន ០២ នាក់ មាន ៖ ឈ្មោះ ប៊ុន សីហា អាយុ ២០ឆ្នាំ និង ឈ្មោះ យ៉ែម ម៉ាក់ (ត ស៊ុន) អាយុ២៩ឆ្នាំ។ រហូតដល់វេលាម៉ោងប្រមាណ ០៧ និង ៣០ នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បន្តសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៤ នាក់ បន្ថែមទៀត ១.ឈ្មោះ ឌី សៀវពិញ ហៅ ច្រើន ភេទប្រុស អាយុ១៥ឆ្នាំ ២.ឈ្មោះ យា នីសិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ៣.ឈ្មោះ ខុន វាសនា ភេទប្រុស អាយុ១៨ឆ្នាំ ៤.ឈ្មោះ ខា តាំងអ័រ ភេទប្រុស អាយុ១៧ឆ្នាំ បញ្ជូនទៅការិយាល័យជំនាញ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ចំពោះជនសង្ស័យឈ្មោះ យា នីសិទ្ធ ភេទប្រុស រកឃើញមានវត្ថុតាង សារធាតុញៀន ម្សៅក្រាមពណ៌ស ជាប់ខ្លួន ត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ វត្ថុតាងចាប់យក ៖ ម៉ូតូ០១គ្រឿងម៉ាក, កាំបិតប៉័ងតោ ០២ដើម និងកន្ត្រៃ ០២ដើម, សោម៉ាឡែត ០១, ដែកគាស់ ០១, រណាអាដែក ០១ រួមនឹងសម្ភារៈមួយចំនួនទៀត។

ក្រោមវិធានការជំនាញ ក្មេងទំនើងទាំង០៥នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានពាក់ព័ន្ធក្នុងអំពើហិង្សាដោយចេតនា ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដូចការរៀបរាប់ខាងលើ ប្រាកដមែន ហើយពួកខ្លួនក៏ជាមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងមានអ្នកខ្លះធ្លាប់ជាប់ក្នុងមណ្ឌលបន្សាបសារធាតុញៀន ផងដែរ។

ជនសង្ស័យទាំង០៥នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕ដោយ​៖តារា​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print