ខេត្តកណ្តាល៖ ឆ្លៀតពេលសំរាកពីការងាររបស់រាជរដ្ឋាភិបាល នៅព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍ ទី១០ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងជាប្រធានក្រុមការងារចុះជួយឃុំដីឥដ្ឋ និងឃុំភូមិធំ បានដឹកនាំ ក្រុមការងារចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង៤០០គ្រួសារដើម្បីបង្កើនភាពជិតស្និទ្ធ ស្វែងយល់ការពីការរស់នៅ និងដោះស្រាយសំណូមជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរ ក្រុមការងារក៏បាននាំយកអំណោយជាអង្ករជិត៥តោនរបស់គណបក្សប្រជាជនទៅចែកជូនផងដែរ ។
សកម្មភាពមនុស្សធម៌របស់ក្រុមការងារគណបក្សប្រជាជនចុះជួយឃុំដីឥដ្ឋបានធ្វើឡើងជាច្រើនភូមិមកហើយ សម្រាប់ថ្ងៃនេះក្រុមការងារបានជួបសំណេះសំណាលជាមួយអ្នកភូមិពពាលខែទី២ ឃុំដីឥដ្ឋ មានប្រជាពលរដ្ឋចូលរួមចំនួនជាង៤០០នាក់ ក្នុងនោះគ្រួសារនីមួយៗទទួលបានអង្ករ១០គីឡូក្រាមស្មើៗគ្ន ដោយពិនិត្យឃើញថា គ្រួសារខ្លះមានជីវភាពក្រីក្រលំបាក ទទួលបានអង្ករ២០ គីឡូ ក្រាម គ្រួសារខ្លះទៀតអត់មានលទ្ធភាពព្យាបាលជំងឺ ត្រូវបានលោកប្រធានក្រុមការងារជួយដោះស្រាយថ្លៃសេវ៉ាព្យាបាលផងដែរ ។
ជួបជាមួយអ្នកភូមិពពាលខែទី២ លោក ម៉ក ពេជ្ជរឹទ្ធ ប្រធានក្រុមការងារចុះជួយឃុំដីឥដ្ឋបានមតិសំណេះសំណាលនិងផ្តាំផ្ញើឲ្យបងប្អូនត្រូវចេះស្រលាញ់រាប់អានគ្នាកុំប្រកាន់និន្នាការនយោបាយ ត្រូវខិតខំរកស៊ីទទួលទាន ដើម្បីទ្រទ្រង់ក្នុងជីវភាពគ្រួសារ…. តែសូមបងប្អូនត្រូវគិតថាមានតែគណបក្សប្រជាជនមួយប៉ុណ្ណោះដែលនៅជិតប្រជាជន បម្រើប្រជាជនយកចិត្តទុកដាក់ជាមួយប្រជាជន ជាពិសេសបានដឹកនាំប្រទេសជាតិតាំងបាតដៃទទេរហូតទទួលបានសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធិចក្រនិងអាណាចក្រ ។ ចំណែកគណបក្សផ្សេងបានត្រឹមតែ..ថា…សន្យាចោលៗ…. និយាយឲ្យខ្លីគឺបោកប្រាស់ប្រជាពលរដ្ឋដើម្បីកេងចំណេញនយោបាយ… ដូច្នេះចាប់ពីពេលនេះទៅសូមបងប្អូនត្រូវធ្វើការពិចារណាឲ្យបានច្បាស់លាស់មុននិងសម្រេចចិត្តបោះឆ្នោតឲ្យគណបក្សនយោបាយ…. គ្មានគណបក្សណាជួយបងប្អូនកូនក្មួយក្រៅពីគណបក្សប្រជាជននោះឡើយ ចាត់ទុកប្រជាពលរដ្ឋគឺជាម្ចាស់ ចំណែកក្រុមការងារគឺជាអ្នកបម្រើប្រជាពលរដ្ឋ ។
ក្នុងពិធីជួបសំណេះសំណាលនេះដែរ ប្រជាពលរដ្ឋបានលើកជាសំណូមពរ… ស្នើសុំតបណ្តាញទឹកស្អាត សុំដោះស្រាយបង្គោលភ្លើង ស្នើសុំធ្វើផ្លូវលំ បញ្ហាបរិស្ថាននៅក្នុងភូមិបង្កឡើងដោយអ្នកចិញ្ចឹមជ្រូក ស្នើសុំធ្វើបង្គន់អនាម័យ និងស្នើសុំជួសជុលផ្ទះ ត្រូវបានលោកប្រធានក្រុមការងារទទួលយកសំណើរហើយសន្យាថា នឹងធ្វើការដោះស្រាយជូនប្រជាពលរដ្ឋទៅតាមសំណូមពរ ។ ជាមួយគ្នានេះដែរ លោកប្រធានក្រុមការងារបានជំរុញឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ៕
ដោយ៖ សណ្តោស