ទឹកជំនន់បានបោកបក់ផ្ទះសម្បែងនៅឥណ្ឌូនេស៊ី បណ្តាលឲ្យមនុស្សស្លាប់ ៨៤នាក់

ចែករំលែក៖

លោក Ferry Walintukan អ្នកនាំពាក្យប៉ូលីសខេត្ត North Sumatra បាននិយាយនៅថ្ងៃនេះថា “គិតត្រឹមព្រឹកនេះ មនុស្ស ៦២នាក់បានស្លាប់ និង ៩៥នាក់រងរបួស។ ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកមនុស្សយ៉ាងហោចណាស់ ៦៥នាក់ បាត់ខ្លួន”។ ទីក្រុង Sibolga របស់ខេត្តនេះ រងផលប៉ះពាល់ខ្លាំងជាងគេ ដោយមានអ្នកស្លាប់ជាង ៣០នាក់។

នៅក្នុងខេត្ត West Sumatra ដែលនៅជិតខាង យ៉ាងហោចណាស់មានមនុស្ស ២២នាក់បានស្លាប់ និង ១២នាក់បាត់ខ្លួន នេះបើយោងតាមទីភ្នាក់ងារគ្រោះមហន្តរាយក្នុងស្រុក។
មនុស្សរាប់សិបនាក់នៅតែបាត់ខ្លួននៅទូទាំងកោះ។ លោក Ilham Wahab មន្ត្រីទីភ្នាក់ងារគ្រោះមហន្តរាយនៅភាគខាងលិច Sumatra មានការភ័យខ្លាចថាចំនួនអ្នកស្លាប់អាចកើនឡើងដោយសារតែស្ពានបាក់ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅថ្ងៃទី ២៧ ខែវិច្ឆិកា។
វីដេអូដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីទឹកជំនន់ភក់ហូរកាត់តំបន់លំនៅដ្ឋាន បោកបក់ផ្ទះសម្បែង និងយានយន្ត ខណៈដែលអ្នកស្រុកស្រែក។ ប្រជាជននៅ Radi ក្នុង Padang ដែលជាទីក្រុងធំមួយនៅខេត្ត West Sumatra បាននិយាយថា “ទឹកជំនន់បានកើតឡើងនៅពេលព្រឹកព្រលឹម ហើយជន់លិចផ្ទះសម្បែង”
ភ្លៀងធ្លាក់ខ្លាំងក៏បានបង្កជាទឹកជំនន់ និងការបាក់ដីនៅក្នុងខេត្តអាឆេ ដែលស្ថិតនៅចុងភាគពាយ័ព្យនៃកោះស៊ូម៉ាត្រា ដែលបង្ខំឱ្យមនុស្សជិត 1,500 នាក់ត្រូវជម្លៀសចេញ។
ទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូនេស៊ីបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះកំពុងប្រើប្រាស់ឧទ្ធម្ភាគចក្រដើម្បីដឹកជញ្ជូនសម្ភារៈសង្គ្រោះ និងភស្តុភារទៅកាន់ផ្នែកខាងជើងនៃកោះ ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយការបាក់ដី និងផ្លូវថ្នល់ត្រូវបានកាត់ផ្តាច់ និងហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនងត្រូវបានខូចខាត។

យោងតាមអាជ្ញាធរខេត្តនៅលើកោះនេះ មនុស្សសរុបចំនួន 12,000 នាក់ត្រូវបានជម្លៀសចេញ ដោយមានមនុស្សជាច្រើនទៀតកំពុងរង់ចាំការជួយសង្គ្រោះ។
លោក Masinton Pasaribu អភិបាលស្រុក Tapanuli Tengah ក្នុងខេត្តស៊ូម៉ាត្រាខាងជើង បាននិយាយថា ការកាប់ឈើខុសច្បាប់ និងការឈូសឆាយដីសម្រាប់ចម្ការដូងប្រេងបានធ្វើឱ្យទឹកជំនន់ និងការបាក់ដីកាន់តែធ្ងន់ធ្ងរឡើង។ ប្រទេសឥណ្ឌូនេស៊ីគឺជាអ្នកផលិតប្រេងដូងធំជាងគេបំផុតរបស់ពិភពលោក។
ទឹកជំនន់នៅក្នុងប្រទេសឥណ្ឌូនេស៊ីគឺជាគ្រោះមហន្តរាយអាកាសធាតុមួយក្នុងចំណោមគ្រោះមហន្តរាយអាកាសធាតុជាបន្តបន្ទាប់ដែលបានវាយប្រហារអាស៊ីអាគ្នេយ៍ក្នុងសប្តាហ៍នេះ។ ប្រទេសថៃ និងម៉ាឡេស៊ី វៀតណាម ក៏ត្រូវបានវាយប្រហារដោយទឹកជំនន់ធ្ងន់ធ្ងរដែលបានសម្លាប់មនុស្សរាប់សិបនាក់ និងធ្វើឱ្យមនុស្សរាប់ពាន់នាក់ត្រូវផ្លាស់ទីលំនៅ៕

...

រូប​ថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print