ភ្នំពេញ៖ ពិធីសារទី៣នេះមាន ២មាត្រា ត្រូវបានផ្តួចផ្តើមនិងរៀបចំឡើងដោយ ស្ថាប័នទទួលបន្ទុកវិស័យអាកាសចរណ៍ស៊ីវិលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងឆ្នាំ២០១៨។
ចំពោះការផ្តល់សច្ចាប័នលើពិធីសារទី៣នេះ ព្រះរាជាណាចក្រកម្ពុជាដែលជារដ្ឋសមាជិកអាស៊ាន នឹងទទួលបានអត្ថប្រយោជន៍ រួមមាន (១) ជំរុញការទាក់ទាញការដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ វិនិយោគ សេដ្ឋកិច្ច ទេសចរណ៍ ការងារ និងផ្លាស់ប្តូរវប្បធម៌រវាងប្រជាជននិងប្រជាជនកម្ពុជានិងចិន រួមទាំងអាស៊ាននិងចិន (២) ជំរុញក្រុមហ៊ុនអាកាសចរណ៍កម្ពុជានិងចិនដើម្បីរៀបចំផែនការហោះហើររបស់ខ្លួនបន្ថែមទៀត លើការអនុវត្តសិទ្ធិហោះហើរទី៥ (រវាងកម្ពុជានិងចិនដោយឆ្លងកាត់តំបន់អាស៊ាន) ក្នុងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាសអន្តរជាតិ (៣)បង្កើនជម្រើសកាន់តែច្រើនថែមទៀតដល់អ្នកដំណើរតាមផ្លូវអាកាសអន្តរជាតិរវាងកម្ពុជានិងចិនប្រកបដោយសន្តិសុខ សុវត្ថិភាព និងផាសុកភាព (៤) ទទួលបានការទាក់ទាញលើការកសាងនិងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ស៊ីវិលរវាងកម្ពុជានិងចិន ដែលកម្ពុជាបានទទួលលទ្ធផលផ្លែផ្កាល្អរួចហើយ តាមរយៈការអនុវត្តគម្រោងលើគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់សាធារណរដ្ឋប្រជាមានិតចិន និង(៥) រួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជានិងចិន ក្រោមទិដ្ឋភាពការអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ាន-ចិន រួមទាំងពិធីសារទី១ ទី២ និងទី៣។
មកដល់ពេលបច្ចុប្បន្ន ពិធីសារទី៣នេះ មានរដ្ឋភាគីចំនួន ៧ប្រទេស បានផ្តល់សច្ចាប័នរួច ដែលរដ្ឋសមាជិកអាស៊ានចំនួន ៦ប្រទេស រួមមាន ម៉ាឡេស៊ី មីយ៉ាន់ម៉ា វៀតណាម សិង្ហបុរី ហ្វីលីពីន ឡាវ និងប្រទេសចិន៕ដោយ៖តារា










