ខេត្តស្ទឹងត្រែង៖ មន្ត្រីអ្នកនាំពាក្យនៃរដ្ឋបាលខេត្តស្ទឹងត្រែង បានតាមដានយ៉ាងយកចិត្តទុកដាក់រាល់ការចុះផ្សាយ ព័ត៌មានតាមគ្រប់មធ្យោបាយលើប្រព័ន្ធព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម អំពីដំណើរការវិវត្តទៅមុខ តាមជំហានៗនៃការដឹកនាំធានាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពសាធារណៈ ព្រមគ្នា ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម រួមទាំងកិច្ចការពារធនធានធម្មជាតិក្នុងដែនសមត្ថកិច្ចខេត្តស្ទឹងត្រែង សម្រាប់បម្រើផលប្រយោជន៍សង្គមជាតិ ដោយរដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ និងគ្រប់ផ្នែកមានសមត្ថកិច្ច។ ថ្មីៗនេះ បានពិនិត្យឃើញថាមានបណ្តាញសារព័ត៌មានមួយចំនួន ពិសេសគេហទំព័រ KFN Post News បានចុះផ្សាយក្នុងខ្លឹមសារជារួម ផ្សារភ្ជាប់ពីករណីបទល្មើសធនធានព្រៃឈើក្នុងខេត្តផ្សេងមកជាមួយនឹង ខេត្តស្ទឹងត្រែង ក៏ដូចជាករណីនៃការប្រកបមុខរបរ និងអាជីវកម្មធនធានជលផលផងដែរ។
ក្នុងករណីនេះ មន្ត្រីអ្នកនាំពាក្យនៃរដ្ឋបាលខេត្តស្ទឹងត្រែង សូមធ្វើការបំភ្លឺជូនដូចខាងក្រោម៖
១-ករណីបទល្មើសព្រៃឈើដែលគេហទំព័រ KFN Post News បានចុះផ្សាយនោះ ស្ថិតក្នុងភូមិសាស្ត្រ ឃុំសំអាង ស្រុកថាឡាបរីវ៉ាត់ កើតឡើងក្នុងខែកញ្ញា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញបានធ្វើការបង្ក្រាប និងបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីរួចហើយ។ ចំពោះករណីបទល្មើសព្រៃឈើមួយករណីទៀត ដូចបានចុះផ្សាយដោយស្ថាប័នសារព័ត៌មានខាងលើនេះដែរ គឺពុំស្ថិតក្នុងដែនសមត្ថកិច្ចខេត្តស្ទឹងត្រែងនោះទេ គឺស្ថិតក្នុងមូលដ្ឋានខេត្តផ្សេង។
២-ចំពោះករណីការប្រកបមុខរបរនេសាទត្រី និងការទិញលក់ត្រីរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន គឺជា ការប្រកបរបរចិញ្ចឹមជីវភាពជាធម្មតារបស់ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ដែលធ្វើនេសាទស្របច្បាប់ និងលក់បន្តទៅ ដេប៉ូទិញលក់ត្រីក្នុងខេត្ត ឬការបញ្ជាទិញពីទីកន្លែងផ្សេងៗ។ ក្នុងរដូវបិទនេសាទពីខែឧសភា ដល់ខែកញ្ញា និង រដូវបើកនេសាទពីខែតុលា ដល់ខែមេសាឆ្នាំបន្ទាប់ រាងរាល់ឆ្នាំមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមនឹងអាជ្ញាធរមូលដ្ឋាន សហគមន៍នេសាទ ឆ្នាំទន្លេតែងតែចុះអប់រំផ្សព្វផ្សាយ លើកកម្ពស់ ការចូលរួមបានយ៉ាងល្អប្រសើរ និងការអនុវត្តវិធានការច្បាប់បានទាន់ពេលវេលា ដោយពុំមានការធ្វើនេសាទ ដោយខុសច្បាប់ដើម្បីផលនេសាទ មកលក់ដូរនៅលើទីផ្សារឡើយ ប៉ុន្មានថ្ងៃមុននេះក៏មានអ្នកសារព័ត៌មាន មួយក្រុមបានចុះទៅមូលដ្ឋានជួបជាមួយ ប្រជានេសាទដោយបានអះអាងថាប្រជាពលរដ្ឋធ្វើនេសាទខុសច្បាប់តាមរយៈភារសន្និដ្ឋានដោយគ្មានមូលដ្ឋានគ្រប់ ជ្រុងជ្រោយទាល់តែសោះ ខ្វះវិជ្ជាជីវៈសារព័ត៌មាន និងបានបង្កបញ្ហាជាមួយប្រជាពលរដ្ឋទៀតផង ដែលករណីនេះ ពុំគួរកើតមានឡើងនោះទេ។
ដូច្នេះហើយ យើងខ្ញុំសូមស្នើដល់គ្រប់សារព័ត៌មានទាំងអស់ មុននឹងធ្វើការចុះផ្សាយរបស់ខ្លួន ត្រូវធ្វើការ ប្រមូលព័ត៌មាន និងឈ្វេងយល់ឱ្យបានគ្រប់គ្រាន់ មានភាពច្បាស់លាស់ ស្របតាមវិជ្ជាជីវៈសារព័ត៌មានត្រឹមត្រូវ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ និងជីវភាពរស់នៅរបស់ប្រជាជន។
ន័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕ដោយ៖សិលា










