ខេត្តបាត់ដំបង៖ បុរសម្នាក់ត្រូវរថយន្តដឹកទឹកកកស្ពាន ដែកបុកស្លាប់ភ្លាមៗ ខណៈកំពុងជិះម៉ូតូបញ្ច្រាស់ផ្លូវនៅវេលាម៉ោង០៥និង៤០នាទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចខាងលិចរង្វង់មូលដៃប្រាំបី ស្ថិតក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម1C-0402 បើកបរដោយឈ្មោះ តាន់ សុខចំរើន ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ក្នុងទិសដៅពីលិចទៅកើត (បញ្ច្រាស់ផ្លូវ) ចំណែករថយន្តម៉ាកកូរ៉េ ប្រភេទឃ្លុបដឹកទឹកកក យីហោ ស្ពានដែក ពណ៌ស គ្មានផ្លាកលេខ បើកបរដោយបុរសម្នាក់ក្នុងទិស ទិសដៅពីកើតទៅលិច ។ លុះមកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូ ពេញទំហឹងបណ្តាលឲ្យបុរសអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗតែម្តង។
ក្រោយពេលកើតហេតុ កម្លាំងជំនាញផ្នែកចរាចរណ៍បានចុះមកវាស់វែងធ្វើកំណត់ហេតុយកមធ្យោបាយទាំងពីរទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីរងចាំដោះ ស្រាយតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកបញ្ជូនឱ្យក្រុមគ្រួសារយកទៅរៀបចំធ្វើ បុណ្យតាមប្រពៃណី៕










