ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមសាស្រ្តចារ្យ ហេង តៃគ្រី ជាអតីតប្រធានមន្ទីរពេទ្យកាល់ម៉ែត

ចែករំលែក៖

ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមសាស្រ្តចារ្យ ហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអតីតប្រធានមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃអង្គារ ទី០២ ខែធ្នូ ឆ្នាំ២០២៥ នៅផ្ទះលេខ៣១ ផ្លូវលេខ៧៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញរាជធានីភ្នំពេញ។

ក្នុងឱកាសដ៏សែនសោកសង្រែង ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងយ៉ាងដូច្នេះថា៖ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តី ក្ដុកក្ដួល និងសោកស្តាយយ៉ាងក្រៃលែង ពេលទទួលដំណឹងដ៏ក្រៀមក្រំថា ឯកឧត្តមសាស្រ្តចារ្យ ហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល ត្រូវជាស្វាមីរបស់លោកជំទាវ ដែលបានទទួលមរណភាព នៅថ្ងៃអាទិត្យ ១០ កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១២ និង១០នាទីរំលងអាធ្រាត្រ ក្នុងជន្មាយុ៧៧ឆ្នាំ ដោយរោគាពាធ។

ការទទួលមរណភាពរបស់ ឯកឧត្តមសាស្រ្តចារ្យ ហេង តៃគ្រី ជាការបាត់បង់នូវឧត្តមស្វាមី ឪពុកបង្កើត ឪពុកក្មេក បងប្រុស ជីតា និងគ្រូបាធ្យាយគំរូប្រកបដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅ និងជាទីគោរពស្រលាញ់ ដែលកន្លងមកបានចិញ្ចឹមបីបាច់ ថែរក្សា អប់រំ និងបណ្តុះបណ្តាលបញ្ញាស្មារតីដល់ប្អូនៗ កូនៗ ចៅៗ និង សិស្សនិស្សិតឱ្យមានចំណេះដឹងជ្រៅជ្រះ និងក្លាយជាធនធានដ៏ល្អនៅក្នុងសង្គម។ ទន្ទឹមគ្នានេះ មរណភាព របស់ ឯកឧត្តមសាស្រ្តចារ្យ ក៏ជាការបាត់បង់នូវថ្នាក់ដឹកនាំក្រសួងសុខាភិបាលដ៏សំខាន់មួយរូប ដែលបានរួម ចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា។

ក្នុងវេលាប្រកបដោយក្តីវិយោគ និងសេចក្តីសោកសង្រេងនេះ ខ្ញុំសូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេក និងសូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមសាស្រ្តចារ្យ ហេង តៃគ្រី សូមបាន ទៅកាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print