អ្នកវិភាគសង្គមគាំទ្រជំហររបស់កម្ពុជា ដែលបញ្ជាក់សាជាថ្មី អំពីការប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត កៅ មុយថង អ្នកវិភាគសង្គមនៅកម្ពុជាបានបង្ហាញពីការគាំទ្រសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីអំពី ៖ កម្ពុជាបញ្ជាក់សាជាថ្មី អំពីការប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ។

បើតាមបណ្ឌិត កៅ មុយថង, ពិភពលោកជឿថា ការបដិសេធគោលការណ៍ចិនតែមួយ គឺជាទង្វើបង្កហេតុ ដែលគំរាមកំហែងដល់ស្ថិរភាព និង សន្តិសុខនៅក្នុងតំបន់ និងពិភពលោក ទាំងមូល។ បណ្ឌិត កៅ មុយថងបន្តថា កម្ពុជាតែងបញ្ជាក់ជំហររបស់ខ្លួនឡើងវិញគោលការណ៍ចិនតែមួយ ដើម្បីបង្ហាញជាសាធារណៈ អំពីទំនាក់ទំនងជិតស្និទ្ធ និងយូរអង្វែងរបស់កម្ពុជាជាមួយនឹងចិន។ កម្ពុជាចាត់ទុកបញ្ហានេះ ជាផ្នែកនៃកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន។ កម្ពុជាតែងប្រកាន់យកគោលការណ៍មិនជ្រៀតជ្រែក។

«អញ្ចឹងហើយបានជា ប្រទេសទាំងអស់ នៅលើពិភពលោក រួមទាំង ប្រទេសកម្ពុជាយើងផង គឺបានបង្កើតទំនាក់ទំនងការទូត ជាមួយសាធារណរដ្ឋប្រជាមានិតចិន គឺ ដោយសារឈរលើមូលដ្ឋាន នៃគោលការណ៍ចិនតែមួយ ដែលត្រូវបានចាត់ទុកថា ជា លក្ខខណ្ឌមូលដ្ឋាន សម្រាប់ការបង្កើត និង រក្សាទំនាក់ទំនងផ្លូវការ ជាមួយប្រទេសចិន ដែលលក្ខខណ្ឌជាមូលដ្ឋាននេះ ក៏ជា ច្បាប់អន្តរជាតិ ដោយផ្អែកលើការសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ លេខ២៧៥៨ ដែលបានធ្វើកាលពីខែតុលា ឆ្នាំ១៩៧១»។

ការលើកឡើងរបស់បណ្ឌិត កៅ មុយថងបានធ្វើឡើង នៅប៉ុន្មានថ្ងៃ បន្ទាប់ពីអ្នកនាំពាក្យ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ រំលេចនូវខ្លឹមសារថា
«កម្ពុជាបញ្ជាក់សាជាថ្មីអំពីការប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ»។

សេចក្តីថ្លែងការណ៍នេះធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការសាកសួរ របស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ទាក់ទងនឹងទស្សនៈរបស់កម្ពុជា ជុំវិញកោះតៃវ៉ាន់។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមបញ្ជាក់ថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចប្រឹងប្រែងនានា ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងភាពសុខដុមរមនាក្នុងតំបន់ ដោយផ្អែកលើគោលការណ៍ នៃការគោរពគ្នាទៅវិញទៅមក និងការដោះស្រាយទំនាស់ ក៏ដូចជា ជម្លោះដោយសន្តិវិធី៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print