ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូនលោកស្រី Tania Meyer នាយិកាធនាគារពិភពលោក (WB) ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម រាយការណ៍ពីសកម្មភាពការងារនៅកម្ពុជាកន្លងមក និងពិភាក្សាអំពីការបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ជាមួយក្រសួងទេសចរណ៍ ដែលមានគោលដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍ ព្រមទាំងការលើកស្ទួយជីវភាពប្រជាជនក្នុងសហគមន៍ នៅទីស្តីការក្រសួង នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ។
ក្នុងជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្លានេះ លោកស្រីនាយិកាធនាគារពិភពលោក (World Bank) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់នូវកិច្ចសម្របសម្រួល និងសហប្រតិបត្តិការដ៏ល្អនាពេលកន្លងមកដល់ធនាគារ ដែលនាំមកនូវការបញ្ចប់ដោយជោគជ័យនូវគម្រោងធំៗ និងសំខាន់ជាច្រើនក្នុងប្រទេស រួមទាំងលទ្ធផលសិក្សាពីការចូលរួមចំណែករបស់វិស័យទេសចរណ៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើតការងារ និងអាជីវកម្មនៅនឹងកន្លែង។ តាមរយៈលទ្ធផលកន្លងមក ដោយមានកិច្ចសហការល្អពីរាជរដ្ឋាភិបាល និងការចូលរួមចំណែករបស់វិស័យទេសចរណ៍ដល់ជីវភាពប្រជាពលរដ្ឋ និងសហគមន៍ ធនាគារពិភពលោក (WB) បានលើកពីគម្រោងរបស់ធនាគារដែលអាចគាំទ្រ និងអភិវឌ្ឍវិស័យទេសចរណ៍ និងការបង្កើតភាពជាដៃគូរវាងធនាគារពិភពលោក និងក្រសួងទេសចរណ៍។
ជាការឆ្លើយតប លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកស្រីនាយិកាដែលតែងតែជួយជ្រោមជ្រែង និងគាំទ្រដល់រដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជារហូតមក តាមរយៈការបេ្តជ្ញាចិត្តបង្កើតកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយគ្នា ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ពិសេសលើការចូលរួមជួយសហគមន៍អេកូទេសចរណ៍ ដែលពិតជាផ្តល់នូវអត្តប្រយោជន៍ដ៏ធំធេងដល់សហគមន៍ និងប្រជាជនកម្ពុជា៕
ដោយ ៖ សិលា










